សៀវភៅ ស្រីហិតោបទេស
ស្រីហិតោបទេស (ភាគ១)
សៀវភៅស្រីហិតោបទេស ភិក្ខុ
ប៉ាង ខាត់ វីរិយបណ្ឌិតោ ជាអ្នកប្រែចេញ ពីភាសាសំស្រ្កឹត
និងផ្សាយចេញរបស់ពុទ្ធសាសនបណ្ឌិត នៅព.ស២៤៩៧ ។ ចារឹកឡើងវិញដោយ ណុល
ដារ៉ា នៅ ព.ស ២៥៥៣។
ហិតោបទេស នេះប្រែថា ប្រៀនប្រដៅប្រយោជន៍ ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ ឬការដឹកនាំជនានុជនឲ្យបានប្រយោជន៍នៅនាលោកិយនេះ ពុំនោះថា ពាក្យប្រៀនប្រដៅសីលធម៌ដល់ជនានុទាំងឡាយ ពុំនោះសោតនឹងហៅថា ធម៌បំពេញមនុស្សភាពក៍សឹងបាន ជាគម្ពីរចាស់បុរាណ មានអាយុរាប់ពាន់ឆ្នាំ គេនិយមប្រែស្ទើរគ្រប់ភាសាក្នុងសកលលោក ទោះជាអាស៊ី ឬអឺរ៉ុប គេទុកជាលោកនីតិ ឬគតិលោកមួយដ៏សំខាន់ ។ ហិតោបទេស ជាភាសាសំស្រ្កឹតនេះមានលម្អ ៤ ប្រការគឺ ១.សេចក្តីជ្រាលជ្រៅទន់ផ្អែម, ២. ប្រើពាក្យពេចន៍លែបខាយល្អស្រស់, ៣. ជើងកាព្យណែងណង, ៤. រឿងរ៉ាវទាក់ទងគ្នាដឹកដូចរឿង១០០១យប់។ បើនរណាបានអានហើយ នរជននោះ ជាប់ចិត្តនឹកស្ញើចជញ្ជក់មាត់ចង់មើលចង់អាន និងនឹកទៅដល់អ្នកនិពន្ធដើម ស្ញើចសរសើរស្នាដៃ និងចិត្តប្រកបដោយមេត្តាក្រាលទៅគ្របដណ្តប់សព្វសត្វទាំងឡាយ។
សៀវភៅចុចទីនេះ
១-
សូមសេចក្ដីប្រាថ្នារបស់ សាធុជនទាំងឡាយបានសម្រេចផល ដោយកិរិយា
ប្រសិទ្ធិនៃព្រះឥសូរ ដែលរស្មីភាគ១ ក្នុង ១៦ ស្ថិតនៅឮដ៏ព្រះនលាដ
ដូចជា
លេខា(១) នៃពពុះទឹកទន្លេគង្គា។
-(១) បន្ទាត់ គំនូស ឬត្រា គឺរស្មីភ្លឺផ្លេកដូចបន្ទាត់
ឬត្រាផ្សាយចេញពីពពុះទឹក។
២- ហិតោបទេសនេះ
នរជនបានត្រងត្រាប់ស្ដាប់ហើយ នឹងប្រគល់ឱ្យនូវ
សេចក្ដីជំនាញក្នុងភាសាសំស្រ្កឹត
នូវសេចក្ដីឆ្លៀវឆ្លាសក្នុងសម្ដីថ្វីមាត់ និងក្នុង
នីតិវិជ្ជាទាំងឡាយដ៏វិចិត្រផ្សេងៗ ក្នុងទីទាំងពួង។
៣-អ្នកប្រាជ្ញ
កាលបើស្វែងរកវិជ្ជា និងទ្រព្យ គប្បីគិតថាដូចជាខ្លួនមិនចាស់
មិនស្លាប់ កាលបើស្វែងរកធម៌
គប្បីគិតថាខ្លួនត្រូវម្រឹត្យុចាប់ក្របួចសក់បោក
សម្លាប់ឥឡូវនេះហើយ ។
៤- បណ្ដាលទ្រព្យទាំងពួង
វិជ្ជា លោកពោលថាជាទ្រព្យដ៏ឧត្តម
ព្រោះវិជ្ជាចោរលួចយកមិនបានផង កាត់ថ្លៃមិនបានផង មិនចេះ
រេចរឹលទៅផង សព្វៗកាល ។
៥-
វិជ្ជាយិតយោងជនដែលនៅថោកទាប ឱ្យបានចូលទៅជិត
ព្រះនរបតីដែលគេនៅជិតបានដោយកម្រ ឬអ្នកមានបុណ្យដ៏
ក្រៃលែងជាងព្រះនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាប
តែងប្រមូលយកទឹកចូលទៅកាន់សមុទ្រ ។
៦- វិជ្ជា
នាំឱ្យមានវិន័យ វិន័យ នាំឱ្យបានសេចក្ដីថ្លៃថ្នូរ សេចក្ដីថ្លៃថ្នូរ
នាំឱ្យបានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិ នាំឱ្យបានធម៌ ធម៌
ដឹកនាំឱ្យ
បានសេចក្ដីសុខ ។
៧- សស្រ្តវិជ្ជា(១)
និងសាស្រ្តវិជ្ជា(២) ទាំងពីរនេះ គួរប្រតិបត្តិសិក្សារៀន
ឱ្យចេះដឹងទាំងអស់វិជ្ជាទី១ ខាងដើម (សស្រ្ដាវិជ្ជា) កើតចម្រើនឡើង
ដើម្បី
សើចលេងជាត្លុកកំប្លែង វិជ្ជាទី២ ខាងចុង (សាស្រ្តវិជ្ជា)
បុគ្គលគួរគោរពក្នុង
កាលទាំងពួង ។
-(១) វិជ្ជា កសាង ឬប្រើជាអាវុធសម្រាប់ប្រហារគ្នាទៅវិញទៅមក។
-(២) វិជ្ជា ការចេះដឹងក្បួនខ្នាត គម្ពីរ ដីកា ច្បាប់
សម្រាប់ប្រតិបត្តិ
ឱ្យកើតសេចក្ដីសុខក្សេមក្សាន្ត ឬសេចក្ដីសម្រើនលាភ។
៨-
រូបគំនូរដែលគេគូរទុកព្ធដ៏ភាជនះថ្មី មិនឃ្លាតក្លាយទៅជាប្រការដទៃ
យ៉ាងណា នីតិវិជ្ជាដែលគេបង្វិលបង្ហាត់ដល់កូនក្មេងទាំងឡាយដោយថា
ជាគ្រឿងប្រៀបធៀប ក៏ជាប់នៅយ៉ាងនោះ លោកពោលទុកក្នុងទីនេះគឺ៖
៩- ១. មិត្តភាព (ការគប់មិត្ត) ២. សុហ្ឬទ្ភេទ (ការបំបែកមិត្ត) ៣.
វិគ្រហះ (សង្រ្គាម)
៤. សន្ធិ (សន្តិភាព) ដែលដកស្រង់យកមកពីគម្ពីរបញ្ចតន្រ្តះ និង
គម្ពីរដទៃទៀតនោះ ខ្ញុំពោលទុកក្នុងទីនេះដូចសេចក្ដីតទៅ។
១០- សាស្រ្តវិជ្ជា
ជាគ្រឿងកាត់បង់នូវសេចក្ដីសង្ស័យជាអនេក ជាគ្រឿងបើកបង្ហាញនូវអាថ៌
កំបាំង និងជាភ្នែកសម្រាប់មើលសព្វសារពើការណ៍ទាំងឡាយ
អ្នកណាមិនមានសាស្រ្តវិជ្ជា
អ្នកនោះទុកដូចជាមនុស្សខ្វាក់។
១១- ភាពជាយុវជន១
ភាពជាអ្នកមានទ្រព្យច្រើន១ ភាពជាអ្នកមានអធិបតេយ្យ១ និងភាពជា
អ្នកមិនបែកបាក់គ្នា១ បើមានតែមួយៗ ក៏នាំឱ្យខូចប្រយោជន៍
ធើ្វដូចម្ដេចហ្ន៎ឱ្យបានគ្រប់ទាំង៤
ប្រការក្នុងខ្លួនមនុស្ស?
១២- មានប្រយោជន៍អ្វី
ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកប
ដោយធម៌ផង? ដូចភ្នែកឈឺ មានប្រយោជន៍អ្វី?
បានគ្រាន់តែឈឺចាប់
ដោតនាំឱ្យរំខានប៉ុណ្ណោះ ។
១៣- បណ្ដាលកូន៣ ពួក
គឺកូនមិនទាន់កើត១ពួក កូនកើតហើយស្លាប់
ទៅវិញ១ពួក និងកូនល្ងង់១ពួក កូនពីរពួកខាងដើមជាកូនគាប់ប្រសើរ
ពួកកូនទីបី មិនប្រសើរឡើយ ព្រោះថា កូនពីរពួកខាងដើមធើ្វទុក្ខព្រួយ
តែម្ដងក៏អស់ហើយទៅ ឯពួកកូនទីបីធើ្វទុក្ខមាតាបិតាឱ្យលំបាកគ្រប់
ជំហានជើង។
១៤-
អ្នកណាកើតហើយដឹកនាំត្រកូលឱ្យចម្រើនខ្ពង់ខ្ពស់ឡើងអ្នកនោះទើប
ឈ្មោះថា “កើត” មែនទែន ឬពេញជាកើតត្រឹមត្រូវ ព្រោះក្នុងសំសារវដ្ដដែល
ប្រព្រឹត្តទៅនេះ អ្នកណាមួយដែលស្លាប់ទៅហើយមិនត្រឡប់កើតវិញទៀត?
១៥-
ក្នុងពេលប្រារព្ធនឹងរើសរកឈ្មោះ នៃពួកអ្នកមានគុណ ចុះក្នុងបញ្ជី ឬផែនថ្ម
ឈ្មោះអ្នកណាឥតគុណ មិនញ៉ាំងចិត្តគេឲ្យរំភើបព្រឺព្រួយទេ
គេមិនចារឹកឈ្មោះ
អ្នកនោះឡើយ បើដូច្នោះ តើគួរនឹងហៅម្ដាយដែលបង្កើតកូននោះ ថាជាស្រ្តីអា
ឬ
ស្រ្តីអ្វីហ្ន៎? ។
១៦-
អ្នកណាមិនតម្កល់ខ្លួនក្នុងការឲ្យទាន, ក្នុងតបធម៌ គឺសុចរិត,
ក្នុងសេចក្ដីអង់
អាចក្លាហាន, ក្នុងវិទ្យាសាស្រ្ត
និងការស្វែងរកទ្រព្យ អ្នកនោះលោកទុកជាឧច្ចារៈ
នៃមាតា។
១៧- កូនមានគុណគាប់តែម្នាក់ជាកូនប្រសើរ
កូនល្ងង់រាប់រយមិនប្រសើរទេ ដូច
ព្រះចន្រ្ទតែមួយដួង អាចកម្ចាត់ងងឹតអន្ធការបាន
កងតារាទាំងឡាយកម្ចាត់ងងឹត
មិនបានទេ។
១៨- តបៈ គឺការបំពេញកុសល
ដែលបុគ្គលណាមួយធើ្វក្នុងទីស័ក្តិសិទ្ធិ ពុំនោះ
បំពេញទុក្ករកម្មដ៏ក្រៃលែងឯណាមួយ ព្រោះប្រាថ្នាកូន កូននៃអ្នកនោះ
គួរជាកូន
ប្រដៅងាយ សមឫទ្ធិ សម្រេចប្រយោជន៍
ប្រកបដោយធម៌និងមានប្រាជ្ញាបរិបូណ៌។
១៩- កិរិយាបានទ្រព្យ១
ភាពជាបុគ្គលមិនមានរោគជានិច្ច១ ភរិយាជាទីស្រឡាញ់១
ភរិយាពោលពាក្យពីរោះ១ កូនប្រដៅងាយ១ និងមានវិជ្ជាធើ្វប្រយោជន៍ដល់សារ
ធារណជន១ បពិត្រព្រះរាជា! ធម៌៦ ប្រការនេះ ជាបរមសុខក្នុងជីវលោកនេះ ។
២០-
គួរនឹងរាប់អ្នកមានកូនច្រើនថា គាប់ប្រសើរឬទេ? បើកូនទាំងឡាយនោះទុក
ដូចជានាឡិទទេក្នុងជង្រុក
កូនតែម្នាក់ជាទីពឹងផ្អែកទំនុកបម្រុងត្រកូលល្អជាជាង
កេរ្តិ៍ឈ្មោះបិតាក៏ល្បីល្បាញឮខ្ចរខ្ចាយទៅគ្រប់ទិសានុទិស។
២១-
បិតាធើ្វបំណុលទុកឲ្យកូនជាសត្រូវ មាតាប្រព្រឹត្តទុច្ចរិតខុសគន្លងប្រពៃណី
ជាសត្រូវ ភរិយាមានរូបល្អជាសត្រូវ កូនល្ងង់ក៏ជាសត្រូវ។
២២- វិជ្ជា
បើមិនយកទៅប្រើប្រាស់ ជាពិសពុល ភោជន ដែលបរិភោគទៅហើយ
មិនរលួយជាពិសពុល សភា(១) ជាពិសពុលសម្រាប់អ្នកក្រីក្រ
ស្រ្តីក្រមុំជាពិសពុល
សម្រាប់មនុស្សចាស់ជរា។
២៣- នរជន សូម្បីកើតចេញពីត្រកូលណាក៏ដោយ
តែមានគុណគាប់ប្រសើរហើយ
លោកក៏គួរគោរពបូជា ធ្នូសូម្បីបរិសុទ្ធដោយវង្ស តែមិនប្រសិទ្ធិ
នឹងធើ្វអ្វីកើត?
២៤- ឱកូនតូចកម្សត់អើយ!
អ្នកមិនទាន់បានរៀនសូត្រសោះ រាត្រីទាំងឡាយចេះតែ
ប្រព្រឹត្តកន្លងទៅៗ បើដូច្នោះ
ខ្លួនអ្នកនឹងកប់បាត់នៅកណ្ដាលហ្វូងអ្នកប្រាជ្ញទាំងឡាយ
ដូចគោលង់ទ្រនេសជាប់ក្នុងកណ្ដាលបឹងភក់។
២៥- បរិភោគអាហារ១
ការដេក១ ភ័យ១ និងសេពមេថុន១ ធម៌ទាំង៤ប្រការនេះ មនុស្ស
និងសត្វមានស្មើគ្នា មានតែព្រះធម៌ប៉ុណ្ណោះទេ ទើបអាចធើ្វមនុស្ស
និងសត្វឱ្យវិសេសប្លែក
ពីគ្នា នរណាប្រាសចាកធម៌ អ្នកនោះទុកស្មើសត្វ។
២៦-ធម៌ (ព្រះវេទ)
អាថ៌ធម៌ (សេចក្ដីអធិប្បាយព្រះវេទ) កាម (សេចក្ដីប្រាថ្នាធម៌និងអាថ៌
ធម៌) និងមោក្សៈធម៌ ទាំង៤ប្រការនេះ អ្នកណាមិនមានក្នុងខ្លួន
សូម្បីតែមួយប្រការ
ជីវិតអ្នកនោះឥតប្រយោជន៍សោះសូន្យទទេ ដូចបូកពពែ រកប្រយោជន៍។
២៧- អាយុ១ កម្ម១
ទ្រព្យ១ វិជ្ជា១ និងសេចក្ដីស្លាប់១ ធម៌៥ប្រការនេះកើតសម្រេច
មកជាមួយរាងកាយមនុស្សតាំងស្ថិតនៅក្នុងគភ៌ម្ល៉េះ។
២៨- ភាវធម៌
នៃបុគ្គលមានភាវធម៌ តែងកើតមានដល់ភាវៈ នៃបុគ្គលជាធំដោយពិត
ភាវៈអាក្រាត តែមានដល់ព្រះឥសូរ កិរិយាដេកលើពស់ធំ តែងមានដល់ព្រះហរិ។
២៩- របស់ណាមិនមានបច្ច័យ
របស់នោះក៏តែងមិនមាន ថាបើរបស់ណាមានបច្ច័យ
របស់នោះក៏មិនមែនជាមិនមាន ថ្នាំនេះរម្ងាប់នូវពិសពុល គឺសេចក្ដីគិតបាន
ហេតុដូច
ម្ដេចក៏គេមិនផឹកថ្នាំនេះហ្ន៎? ។
តែភាសិតនេះប្រើជាសម្ដីមនុស្សខ្ជិលពួកខ្លះ ក្នុង
ចំណោមមនុស្សមិនចេះអត់ធន់ដល់ការងារទាំងឡាយ ។
៣០- បុគ្គល
សូម្បីគិតឃើញព្រេងវេសនា ក៏មិនគួរលះបង់សេចក្ដីព្យាយាមខ្លួនចោល
ឡើយ បើបុគ្គលមិនព្យាយាមសម្រាញ់ល្ង មិនបានប្រេងល្ងទេ ។
៣១- ជោគលាភ
តែងចូលទៅរកបុរសសីហៈ ដែលជាអ្នកមានព្យាយាមក្លៀវក្លា
មានតែបុរសគម្រក់ទេ តែងពោលថា “ស្រេចតែព្រេងសំណាង” បុគ្គលចូរផ្ចាញ់
វាសនា ហើយធើ្វនូវព្យាយាមឱ្យពេញជាកូនប្រុស
តាមកម្លាំងខ្លួនដែលអាចធើ្វ
បាន ថាបើតាំងព្យាយាមប្រឹងប្រែងធើ្វហើយ នៅតែមិនសម្រេចទៀត តើវានឹង
កើតទោសអ្វី? ។
៣២-
រថមិនគប្បីទៅបានដោយកង់តែមួយយ៉ាងណា ព្រេងវេសនាបើវៀរចាក
ព្យាយាមនៃបុរសហើយ ក៏មិនសម្រេចយ៉ាងនោះដែរ។
៣៣- កម្ម
ដែលបុគ្គលធើ្វអំពីបុព្វជាតិ លោកហៅថា “ព្រេងវាសនា” ព្រោះហេតុ
នោះបុគ្គលមិនខ្ជិលច្រអូស
គប្បីធើ្វសេចក្ដីប្រឹងប្រែងដោយព្យាយាមពេញជាបុរស។
៣៤- ជាងប៉ាន់
ប៉ាន់ដុំដីជារូបផ្សេងៗ តាមចិត្តខ្លួនប៉ាន់ យ៉ាងណាកម្មដែលបុគ្គល
សាងទុកខ្លួនឯងក៏ប៉ាន់មនុស្សមានភាវៈផ្សេងៗ តាមលក្ខណៈនៃកម្មរបស់ខ្លួន
យ៉ាងនោះដែរ ។
៣៥- បុគ្គល
សូម្បីឃើញកំណប់ទ្រព្យនៅក្នុងទីចំពោះមុខ ដូចរឿងក្អែក
ដោយមិននឹកនាថា នឹងកើតមានបាន ហើយចាំព្រេងវាសនាគាស់កកាយ
យកមកឱ្យឯងៗ មិនរវល់ធើ្វសេចក្ដីព្យាយាមពេញជាប្រុស មិនបានកំណប់
នោះទេ ។
៣៦- ការទាំងឡាយ
តែងសម្រេចដោយសេចក្ដីព្យាយាមប្រឹងប្រែងដោយពិត
មិនមែនដោយមនោរថទេ ដូចម្រឹគទាំងឡាយមិនដែលបោលចូលមាត់សីហៈ
ដេកលក់ឡើយ។
៣៧- កូនក្មេង
ដែលមាតាបិតាបានហ្វឹកហ្វឺនហើយ ទៅជាកូនមានគុណគាប់
ប្រសើរបាន មិនដែលមានកូនក្មេងណាបានទៅជាបណ្ឌិត ដោយគ្រាន់តែច្យុត
ចេញពីគភ៌មាតាទេ។
៣៨- កូនក្មេង
ដែលមាតាបិតាណាមិនបានឱ្យរៀនសូត្រ មាតានោះត្រឡប់ជា
សត្រូវ បិតានោះត្រឡប់ជាបុគ្គលមានពៀរ
ព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំ
ជន ដូចកុកកណ្ដាលហ្វូងហង្ស។
៣៩- ក្មេងបរិបូណ៌ដោយរូប
និងវ័យ ក្មេងសម្ភពក្នុងត្រកូលដ៏វិសេសឥតចេះដឹង
វិជ្ជាអ្វី មិនមានរាសីរុងរឿងទេ ដូចផ្កាចារឥតមានក្លិនក្រអូប។
៤០- មនុស្សល្ងង់
ប្រដាប់ដោយគ្រឿងអម្ពរ តែងមានរាសីរុងរឿងក្នុងទី
ប្រជុំជន បើមនុស្សល្ងង់នោះ មិនទាន់ហារមាត់ចេញនិយាយដរាបណា
ក៏នៅតែមានរាសីរុងរឿងដរាបនោះ។
៤១-
កញ្ចក់នៅរួមជានឹងមាស អាចចោលស្រមោលក្លាយទៅជាកែវមរកតយ៉ាងណា
មនុស្សល្ងង់ នៅរួមជាមួយនឹងលោកសប្បុរស
ក៏អាចត្រឡប់ទៅជាសប្បុរសឆ្លៀវឆ្លាត
បានយ៉ាងនោះដែរ។
៤២- កូនអើយ! មតិថោកទាប
ព្រោះសមាគមមួយអន្លើដោយបុគ្គលថោកទាប សមគម
មួយអន្លើដោយបុគ្គលស្មើគ្នា មតិក៏ស្មើគ្នា
សមាគមមួយអន្លើដោយបុគ្គលប្រសើរ មតិក៏
រឹងរឹតតែប្រសើរឡើង។
៤៣-
កិច្ចការអ្វីមួយដែលប្រកបដោយអំពើឥតប្រយោជន៍ ក៏រមែងមិនបានផលសមតាម
ប្រាថ្នាទេ
ដូចជាប្រើពេលវេលាព្យាយាមបង្រៀនសត្វកុកឱ្យចេះនិយាយដូចសត្វសេក
សូម្បីច្រើនរយដង នឹងបានផលក៏ឥតអង្គឺមានឡើយ។
៤៤-
តែក្នុងមហាត្រកូលបែបនេះ អ្នកគ្មានបុណ្យមិនមកកើតទេ ប្រៀបដូចអណ្ដូង
រ៉ែកើតត្បូងទទឹម ធើ្វដូចម្ដេចនឹងកើតមានកញ្ចក់? ។
៤៥- ដង្កូវឡើងទៅទំនៅលើក្បាលសាធុជនទាំងឡាយ
ព្រោះនៅលាយឡំជាមួយកម្រង
ផ្កា ដុំថ្មដែលអ្នកធំលើកតម្កើងហើយ
ក៏ក្លាយទៅជាភាពទេវតាពូកែស័ក្តិសិទ្ធិ។
៤៦-
របស់ទ្រព្យដែលនៅលើកំពូលភ្នំខាងឧទយាទិត្យ តែងបានទទួលពន្លឺស្វាងរុងរឿង
ព្រោះនៅជិតព្រះអាទិត្យយ៉ាងណា ជនហីនជាតិវណ្ណៈថោក
តែងបានទទួលការចេះដឹង
ជាពន្លឺ ព្រោះនៅជិតលោកអ្នកសប្បុរសយ៉ាងនោះដែរ ។
៤៧- អ្នកមានគុណគាប់
តែងដឹងល្អ និងអាក្រក់ អ្នកមានគុណគាប់នោះ បើទៅ
សេពគប់មនុស្សអាក្រក់ ក៏ត្រឡប់ទៅជាអាក្រក់វិញ
ដូចស្ទឹងមានទឹកដ៏ហើយដោយ
រសជាតិល្អ លុះហូរចូលដល់សមុទ្រហើយក៏ក្លាយទៅជាមានរសប្រៃផឹកមិនបាន។
————————
ការគប់មិត្ត
១-
អ្នកប្រាជ្ញតែងប្រើកាលវេលាឱ្យប្រព្រឹត្តទៅ ដោយការកំសាន្តកាព្យសាស្រ្ត
មនុស្សល្ងង់តែងប្រើកាលវេលាឱ្យប្រព្រឹត្តទៅ
ដោយការប្រព្រឹត្តសេចក្ដីវិនាស
ដោយការដេក និងដោយការឈ្លោះទាស់ទែង។
២-
អ្នកប្រាជ្ញមានចិត្តល្អ សូម្បីខ្សត់ទ្រព្យហើយឥតកម្លាំង ក៏អាចជួយកែខៃឱ្យ
សម្រេចប្រយោជន៍បានដោយរួសរាន់ ដូចរឿងក្អែក អណ្ដើក និងកណ្ដុរ។
៣- មនុស្សល្ងង់
តែងជួបប្រទះ ប៉ះទង្កិច ហេតុដែលនាំឱ្យកើតសេចក្ដីសោក
មួយពាន់ដង ឬហេតុដែលនាំឱ្យកើតភ័យមួយរយដង ក្នុងមួយថ្ងៃៗ តែអ្នក
ប្រាជ្ញជួបប្រទះប៉ះទង្កិចហេតុដូច្នេះឥតអង្គឺមានឡើយ ។
នរជននៅក្នុងលោក
នេះ គួរធើ្វមនសិការៈ ក្នុងចិត្តដូច្នេះរាល់ថ្ងៃកុំខាន។
៤-
ការភ្ញាក់ក្រោកឡើងពីព្រលឹម នរជន គប្បីដាស់សតិ រឭករាល់ថ្ងៃថា “មហាភ័យ
ទាំងឡាយជិតមកដល់ហើយ បណ្ដាលមហាភ័យទាំងឡាយនោះ ការឈឺចាប់ សេចក្ដី
ស្លាប់ និងសេចក្ដីទុក្ខសោករោគភ័យ ឬអន្តរាយអ្វីមួយ
មុខជាធ្លាក់មកដល់អាត្មាអញ
ក្នុងថ្ងៃនេះ” ។
៥- ព្រោះលោភចង់បានកងមាស
អ្នកដំណើរម្នាក់ធ្លាក់ក្នុងបឹងភក់ជ្រៅឡើងមិនរួច
ត្រូវខ្លាចចាស់សង្រ្គប់ចាប់ហែកស៊ីស្លាប់ទៅ។
៦-
ការស្វែងលាភក្នុងវត្ថុដែលពេញចិត្តអំពីមនុស្សអាក្រក់ មិនមែនជាគតិល្អទេ ព្រោះថា
ទឹកអម្រឹតលាយដោយពិសពុល មានក្នុងទីណា គេអាចស្លាប់បានក្នុងទីនោះ។
៧-
នរជនមិនឡើងកាន់សេចក្ដីសង្ស័យ (មិនចេះសង្ស័យ) មើលមិនឃើញសេចក្ដីចម្រើន
ទេ ថាបើឡើងកាន់សេចក្ដីសង្ស័យម្ដងហើយ ម្ដងទៀត ចិត្តនៅសាញ សាំញ៉ាំ
ចេះតែ
សង្ស័យ ស្ទាក់ស្ទើរ កាលបើឃើញសេចក្ដីចម្រើនហើយ ក៏ឈ្មោះថាមិនឃើញដែរ។
៨- ការបូជាយញ្ញ១
ការសិក្សាព្រះវេទ១ ទាន១ តបៈ១ សច្ចៈ១ សន្ដោស១ សេចក្ដី
អត់ធន់១ និងការមិនលោភ១ ទាំង៨ប្រការនេះ ជាបដិបទានៃព្រះវេទ
បុគ្គលគប្បី
ចាំទុកចុះ។
៩- បណ្ដាធម៌៨ ប្រការនេះ
ធម៌៤ប្រការខាងដើម គេប្រតិបត្តិដើម្បីបង្អួត ឬឆបោក
ក៏បាន ធម៌៣ប្រការខាងចុង ស្ថិតនៅបានចំពោះតែបុគ្គលមានមហាត្ម័ន
(មានចិត្តប្រសើរ)។
១០- មនុស្សលោក
តែងផ្អៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយ មិនជឿទុកចិត្ត
ស្ដ្រីផ្កាមាស ដែលគេបានឱ្យឧបទេស (គេបានទូន្មានល្អ)
ហើយមិនគិតយកព្រះធម៌
ជាប្រមាណ ដូចគេមិនជឿទុកចិត្តព្រាហ្មណ៍ដែលធ្លាប់សម្លាប់គោ។
១១-
បពិត្រព្រះបាទបាណ្ឌនន្ទនៈ! ភ្លៀងដែលបង្អុលចុះលើផែនពសុធាដែលរីងហែង
រំហួតយ៉ាងណា ការឱ្យភោជនាហារដល់ជនស្រេកឃ្លានអត់បាយក្រហាយទឹកក៏យ៉ាង
នោះដែរ។ ការឱ្យទានដែលបានផលានិសង្សច្រើន គឺការឱ្យទានដល់មនុស្សអ្នកទី
ទ័លក្រីក្រលំបាកតោកយ៉ាក។
១២-
ជីវិតរបស់ខ្លួនជាទីស្រឡាញ់ពេញចិត្តយ៉ាងណា ជីវិតរបស់ជនដទៃក៏យ៉ាង នោះដែរ។
លោកសប្បុរសទាំងឡាយតែងធើ្វសេចក្ដីមេត្តាករុណាព្រោះលោកយកខ្លួនលោកជាគ្រឿងឧបមា។
១៣- កំណាញ់
និងការឱ្យទាន សេចក្ដីសុខ និងសេចក្ដីទុក្ខ ស្រឡាញ់និងស្អប់ បុគ្គលអាច
យកប្រមាណសេចក្ដីបាន ដោយយកខ្លួនអាត្មាជាគ្រឿងឧបមា។
១៤- នរជនណាឃើញភរិយាអ្នកដទៃ
ទុកស្មើដោយមាតារបស់ខ្លួន ឃើញទ្រព្យអ្នកដទៃ
ទុកស្មើដោយដុំថ្ម ឃើញសព្វសត្វទាំងឡាយទុកស្មើដោយរូបខ្លួន
នរជនោះលោកហៅថា
“បណ្ឌិត” ។
១៥-
បពិត្រព្រះបាទបាណ្ឌុព សូមទ្រង់មេត្តាករុណាចិញ្ចឹមអ្នកក្រីក្រកម្សត់ទុគ៌ត កុំប្រទាន
ទ្រព្យដល់ឥស្សរជនដែលមានទ្រព្យច្រើនឡើយ ដូចជាឱសថជាប្រយោជន៍ដល់អ្នកជំងឺ
ឈឺចាប់ទុរន់ទុរា ជនឥតរោគាព្យាធិត្រូវការដោយឱសថ? ។
១៦-
ទានជារបស់គួរគប្បីឱ្យ តែឱ្យដល់អ្នកមិនមានឧបការគុណ មិនសូវមានប្រយោជន៍ទេ
ការឱ្យទានដែលអ្នកប្រាជ្ញពោលថាប្រកបដោយផលប្រយោជន៍នោះ
គឺឱ្យទានត្រឹមត្រូវ
តាមកាលៈទេសៈនិងឱ្យដល់បុគ្គលគួរឱ្យ។
១៧- បុគ្គលចិត្តអាក្រក់សាមាន្យ
នឹងសម្គាល់បានដោយអាងហេតុ “ចេះពោលធម្មសាស្រ្ត”
ក៏មិនមែន ឬថា “ចេះស្វាធ្យាយគម្ពីរព្រះវេទ” ក៏មិនមែនដែរ។
មធុរសនៃទឹកដោះគោរមែង
ផ្អែមល្ហែមទៅតាមប្រក្រតីរបស់ទឹកដោះយ៉ាងណា
សភាពសត្វលោកក្នុងសំសារវដ្ដនេះលោក
ពោលថា ដូចគ្នាយ៉ាងនោះឯង។
១៨- ការធើ្វអ្វីទាំងពួង
នៃបុគ្គលអ្នកមានឥន្រ្ទិយ និងចិត្តមិនលុះនៅក្នុងអំណាចខ្លួន ក៏មិន
ជាផលដូចជាការលាងជម្រះដំរី ពុំនោះការចេះដឹង
បើប្រាសចាកការធើ្វឱ្យជាប្រយោជន៍
ហើយ ក៏ធ្ងន់ខួរក្បាលឥតអំពើ ដូចជាការបំពាក់គ្រឿងអលង្ការ
បំប៉នឱ្យភរិយាចង្រៃ
បានតែធ្ងន់ខ្លួនឥតប្រយោជន៍។
១៩-
បុគ្គលមិនគួរគប្បីធើ្វសេចក្ដីស្និទ្ធស្នាលទុកចិត្តទឹកទន្លេ បុគ្គលមានសាស្រ្ត
វុធក្នុងដៃ សត្វមានក្រចកមុត សត្វមានស្នែង
និងស្រ្តីក្នុងរាជត្រកូលទាំងឡាយ។
២០- សភាព (លក្ខណៈ)
នៃបុគ្គលទាំងអស់ក្នុងលោកនេះ គេមើលឃើញច្បាស់
ប្រាកដ តែគុណធម៌ទាំងឡាយនៃបុគ្គល គេមើលមិនឃើញងាយទេ សភាពនៃ
បុគ្គលនីមួយៗ កម្ចាត់បង់នូវគុណធម៌ទាំងពួង ហើយចូលទៅទំនៅលើក្បាលបាន។
២១- មែនពិត
ព្រះចន្រ្ទទ្រទ្រង់នូវសហស្សវង្សី ត្រាច់រុងរឿងព្ធដ៏នភាល័យប្រទេស
កម្ចាត់បង់នូវងងឹតអន្ធការអ័ព្វសូន្យសុងកណ្ដាលដួងតារាព្រោងព្រាត
សូម្បីមានឫទ្ធិ
ដល់ម្ល៉ោះ ដល់គ្រោះជោគគ្រោះជាក៏ត្រូវរាហូចាប់លេបបាន នរណាហ្ន៎ អាចវេះគេច
ឱ្យរួចពីលិខិតដែលព្រះជាម្ចាស់ត្រាទុកព្ធដ៏ថ្ងាសបាន? ។
២២-អាហារដែលរលួយល្អ
កូនមានប្រាជ្ញាឆ្លៀវឆ្លាត ភរិយាស្ដាប់បង្គាប់ឱវាទ ព្រះនរក
បតីមានប្រជារាស្រ្តស្វាមីភ័ក្តិ គិតគួរឱ្យល្អិតល្អ ហើយទើបនិយាយ
ពិចារណាឱ្យជុំវិញ
ខ្លួនហើយទើបធើ្វទាំងអស់នេះលោកពោលថា សូម្បីស្ថិតនៅអស់កាលយូរអង្វែងក៏ដោយ
ក៏មិនឃ្លាតក្លាយទៅជាអ្វីឡើយ។
២៣-
បើមានការអន្តរាយមកដល់ជិត បុគ្គលគប្បីកាន់តាមពាក្យចាស់ព្រឹទ្ធាចារ្យតែបើការ
ពិចារណាឱ្យសព្វគ្រប់ យ៉ាងនោះហើយ សូម្បីស្វែងរកអាហារភោជន
ក៏មិនត្រូវស្វែងរកដែរ។
២៤-
បុគ្គលដែលស្វែងរកបាយទឹកនំចំណីលើផែនពសុធានេះ សុទ្ធសឹងប៉ះទង្គិច ដោយ
សេចក្ដីរង្គៀសភយន្តរាយទាំងឡាយ នឹងប្រព្រឹត្តស្វែងរកក្នុងកាលណា?
ធើ្វម្ដេចហ្ន៎ គេនឹង
អាចចិញ្ចឹមជីវិតឱ្យប្រព្រឹត្តទៅបាន? ។
២៥-
បុគ្គលមានឥច្ឆាឈ្នានីស បុគ្គលពោលពាក្យនិន្ទារិះគន់ បុគ្គលមិនសន្ដោស បុគ្គលក្រោធ
ច្រើន បុគ្គលមានសេចក្ដីរង្គៀសជានិច្ច និងបុគ្គលពឹងផ្អែកស៊ីតែដោយសារបុគ្គលដទៃ
បុគ្គល
ទាំង៦បែបនេះត្រូវទទួលចំណែកនៃសេចក្ដីទុក្ខ។
២៦- បុគ្គលជាពហុសូត្រ ចេះដឹងនូវសាស្រ្តាវិជ្ជាទាំងឡាយច្រើនមហិមា អាចកាត់នូវ
សេចក្ដីសន្និះសង្ស័យគ្រប់ប្រការបាន
កាលបើសេចក្ដីលោភចង់បានមកបំបាំងគំនិត
ឱ្យងងឹតសូន្យសុងហើយ ក៏តែងទទួលសេចក្ដីទុក្ខលំបាកតោកយ៉ាក។
២៧-
សេចក្ដីក្រោធមានដើមកំណើតមកពីលោភៈ កាមរាគកើតមកពីលោភៈ មោហៈ
និងសេចក្ដីវិនាស ក៏កើតមកពីលោភៈដែរ ព្រោះហេតុនោះ
លោភៈជាប្រភពនៃសេចក្ដី
អាក្រក់គ្រប់ប្រការ។
២៨- ដោយពិត
ប្រើសមាសមិនដែលកើតមានទេ បើទុកជាដូច្នេះ ព្រះរាមក៏ទ្រង់នៅ
តែជាប់ព្រះទ័យចង់បានប្រើសមាស រឺសេចក្ដីអន្តរាយក្នុងកាលវិបត្តិមកដល់
សូម្បី
ប្រាជ្ញានៃបុរសជាតិ ក៏ត្រឡប់ជា ងងឹតងងល់គិតមិនយល់បានដែរ។
២៩-
(១)បុគ្គលមិនគប្បីចេញមុខជាមេគណៈ ធើ្វការងារណាដែលសម្រេចប្រយោជន៍ទៅហើយ
ត្រូវបានផលស្មើគ្នាទេ ព្រោះថា បើការងារនោះអន្តរាយវិញ
អ្នកចេញមុខនោះត្រូវស្លាប់
ក្នុងទីនោះមុនគេ។
-(១) ហិតោទេសសេចក្ដីប្រែជាភាសាបារាំងលោកសឺរ៉ូ
និងសេចក្ដីប្រែជាភាសាសៀម របស់លោក
នាគប្រទីប មានគាថាលើសដូច្នេះគឺ ការមិនបានទូន្មានឥន្រ្ទិយ លោកពោលថា
ជាផ្លូវនាំឱ្យកើត
អន្តរាយ ការទូន្មានឥន្រ្ទិយឈ្នះហើយ ជាផ្លូវនាំឱ្យកើតសេចក្ដីចម្រើន
នរជន ដើរផ្លូវណាក៏ដើរ
ចុះតាមចិត្តប្រាថ្នា។
៣០- សូម្បីមិត្ត
ជាអ្នកធើ្វប្រយោជន៍ឱ្យពិតៗ ក៏អាចក្លាយទៅជាដើមហេតុនាំបណ្ដាល
ឱ្យកើតអន្តរាយធ្លាក់មកបាន ដូចស្មងមេគោអាចទៅជាស្នឹងចងកូនគោ។
៣១- អ្នកណាមួយ
អាចជួយអ្នកមានគ្រោះឱ្យរួចពីក្ដីអន្តរាយដែលមកដល់ អ្នកនោះលោក
ទុកជាផៅពង្ស ឯបណ្ឌិតតែមាត់ បានតែពោលបន្ទោសទម្លាក់ខុសទៅគេ
អួតថាខ្លួនជួយ
ស្រោចស្រង់ឱ្យរួចពីក្ដីភ័យ នឹងទុកថាជាផៅពង្សពុំបានឡើយ។
៣២-
(២)ចិត្តម៉ឺងម៉ាត់ក្នុងគ្រាក្រទុក្ខព្រួយ ចិត្តនឹងធឹងក្នុងគ្រាសុខចម្រើន
សេចក្ដីអង់អាចក្នុងទី
ប្រជុំដោយសម្ដីថ្វីមាត់ ចិត្តក្លៀវក្លាក្នុងរណរង្គ(៣)
ចិត្តត្រេអរក្នុងយស និងចិត្តស្រវាស្រទេញ
ក្នុងការសិក្សាទាំងអស់នេះ ជាលក្ខណៈសម្បត្តិមានជាប្រក្រតី
ចំពោះតែបុគ្គលមានមហាត្ម័ន
(មានចិត្តដ៏ប្រសើរ) ។
-(២)ហិតោទេសសេចក្ដីប្រែជាភាសាបារាំងលោកសឺរ៉ូ មានគាថាលើសដូច្នេះ
*នរជនណាអាច
ជួយស្រោចស្រង់យើងឱ្យរួចពីក្ដីអន្តរាយ
និងចេះរកឧបាយជួយឱ្យរួចភ្លាមៗមិនបង្អង់ នរជននោះ
លោកហៅថា មិត្តពិត។
-(៣)សមរភូមិ ទីចម្បាំង ជាញជ័យ។
៣៣-
អ្នកណាមិនរីករាយហួសហេតុ ក្នុងគ្រាបានសេចក្ដីសុខចម្រើន មិនខូចកម្លាំងទឹកចិត្ត
ក្នុងគ្រាក្រទុក្ខព្រួយ មានសេចក្ដីក្លាហានក្នុងរណរង្គ
មាតាបង្កើតកូនដែលមានតិលកៈ(១)
ដូច្នេះក្នុងលោកទាំងបីនេះកម្រមានណាស់។
-(១)បុរសលក្ខណៈនៃបុគ្គលដ៏ប្រសើរក្នុងត្រៃភព ជាតិឥណ្ឌូចូលចិត្ត
តិលកៈ នេះយកទៅ
គូសនៅថ្ងាស ទុកជាគ្រឿងសម្រាប់សម្គាល់និកាយខ្លួន។
៣៤- ក្នុងលោកនេះ
ទោស៦ប្រការ បុគ្គលប្រាថ្នាសេចក្ដីសុខចម្រើនគួរគប្បីលះបង់
ចោលគឺដេកទ្រមក់១ ខ្ជិលច្រអុស១ ភ័យ១ ក្រោធ១ ទន់មូរមុខ និងឡេឡាយឺតយូរ
ក្រោយគេ១។
៣៥-
ការវេញចងបាច់វត្ថុអ្វីមួយ សូម្បីតូចឆ្មារឱ្យរួបរួមគ្នា ក៏អាចញ៉ាំងការងារឱ្យ
សម្រេចប្រយោជន៍បាន ដូចគេប្រមូលស្មៅវេញជាទន្លីងយកទៅធ្លីងដំរីចុះប្រេង
ឱ្យជាប់បោលទៅណាមិនរួច។
៣៦-
ការចងបាច់វង្សត្រកូលរបស់ខ្លួនសូម្បីពីរបីនាក់ ឱ្យរួបរួមមូលត្រកូលគ្នា
ក៏ជាការគាប់ប្រសើរល្អណាស់ ដូចគ្រាប់ស្រូវដែលបកសំបកចេញហើយ
យកទៅសាបព្រោះមិនដុះលូតលាស់ឡើងបានទេ។
៣៧- ហ្វូងបក្សីនេះ
ស្រុះចិត្តគ្នាជាបាច់ ស្ទុះហើរបើកលប់រត់រួចទៅអស់រលីង តែបើ
វាចុះដីដរាបណា វានឹងនៅក្នុងកណ្ដាប់ដៃអាត្មាអញដរាបនោះមិនខានឡើយ។
៣៨- មាតា មិត្ត និងបិតា
ត្រៃអង្គនេះជាអ្នកធើ្វហិតានុហិតតាមសភាពខ្លួន ឯអ្នកដទៃ
ទៀតធើ្វហិតានុហិតបែបនេះដែរ ព្រោះគេយកនាទីមាតា មិត្ត បិតា
មកទុកជាហេតុដើម។
៣៩- ក្នុងលោកនេះ
មិនមាននរណាមានបុណ្យវាសនា ជាងអ្នកដែលប្រស្រ័យប្រាប់
សុខទុក្ខទៅវិញទៅមកមួយអន្លើដោយមិត្តដូច្នេះទេ។
៤០- សេចក្ដីល្អ និង
សេចក្ដីអាក្រក់ ជាកម្មរបស់ខ្លួនឯណា ព្រោះហេតុឯណា
ដោយប្រការណា ក្នុងកាលណា ដរាបណា ក្នុងទីណា អំពើនោះ សម្រេចផល
តាមអំណាចនៃព្រះព្រហ្មបង្កើតលោកព្រោះហេតុនោះ ដោយប្រការនោះ ក្នុង
កាលនោះ ដរាបនោះ ក្នុងទីនោះ ។
៤១- រោគាព្យាធិ
សោកសង្រេងសង្រៃ សេចក្ដីក្ដៅក្រហាយការជាប់អន្ទាក់ចំណង
និងសេចក្ដីវិនាសអន្តរាយទាំងឡាយនេះ ជាផលដែលមកពីព្រឹក្សាជាតិ គឺទោស
កំហុសរបស់ខ្លួននៃមនុស្សទាំងឡាយ។
៤២-
បុគ្គលគប្បីថែរក្សាទ្រព្យទុក ដើម្បីការពារគ្រាក្រ គប្បីរក្សាភរិយាដោយទ្រព្យ
តែគប្បីរក្សាខ្លួនរឿយៗដោយភរិយាផង ដោយទ្រព្យផង។
៤៣- ប្រាណគឺជីវិត
មានការតាំងនៅមាំជាហេតុដើម្បីប្រព្រឹត្តធម៌ ស្វែងរកទ្រព្យសម្បត្តិ
សេពកាម និងរកមោក្សធម៌ បើប្រាណគឺជីវិតវិនាសហើយ
អ្វីមួយដែលឈ្មោះថាមិនវិនាស
ទៅនុ៎ះ? ការរក្សាប្រាណ គឺជីវិតឱ្យគង់វង់នៅ
អ្វីមួយដែលឈ្មោះថា មិនរក្សាផងដែរ?។
៤៤-
អ្នកប្រាជ្ញគប្បីលះបង់ទ្រព្យផង ជីវិតផង ជាពលិកម្ម ដើម្បីការពារជនដទៃ ការបរិច្ចាក
ជីវិតក្នុងអំពើល្អបែបនេះ ជាកិត្តិយសប្រសើរណាស់
បើសេចក្ដីស្លាប់ជាធម៌ទៀង។
៤៥-
បណ្ដាគុណធម៌ទាំងឡាយគឺជាតិ ទ្រព្យ និងគុណសម្បត្តិ គុណធម៌៣ប្រការនេះ
បរិវារមានស្មើនឹងម្ចាស់ សម្លាញ់! ចូរអ្នកនិយាយឱ្យឃើញច្បាស់មកមើល
ដូចម្ដេចដែល
ហៅថា ភាពនៃខ្លួនជាធំវិសេសជាងគេ? ដល់កាលណាទៅ
ត្រូវសម្ដែងភាពជាធំ? ។
៤៦- បរិវាទាំងឡាយនវ
មិនមានគ្រឿងអាហារចិញ្ចឹមជីវិត និងមិនលះបង់ការសំណាក់
ពឹងពាក់ចោលខ្ញុំទេ ព្រោះហេតុនោះ
សូមសម្លាញ់ជួយស្រោចស្រង់ជីវិតបរិវារទាំងឡាយ
នេះមុនសិន សូម្បីតែត្រូវក្ដីវិនាសអន្តរាយជីវិត ខ្ញុំក៏មិនថាដែរ។
៤៧- នែសម្លាញ់
ចូរលះបង់ព្រួយក្នុងកឡេវរៈ រាងកាយដែលនិមិត្តដោយសាច់ទឹកមូត្រ
អាចម៍និង ឆ្អឹងឆ្អែងជារបស់ពុកផុយរលួយនេះចោលឱ្យស្រឡះទៅ សូមជួយអភិបាល
លើកតម្កើងយសកេរ្តិ៍ឈ្មោះខ្ញុំវិញ។
៤៨- ថាបើបុគ្គលគប្បីបាននូវកិត្តិយស
ដែលទៀងទាត់មិនមានមន្ទិល ដោយការបរិច្ចាក
កាយដែលផ្ទុកដោយគ្រឿងមន្ទិលសៅហ្មងស្មោកគ្រោក មិនទៀងទាត់នេះបាន
បើដូច្នោះ
តើបុគ្គលនឹងមិនគប្បីកាន់យកនូវគុណធម៌គឺកិត្តិយសនោះឬអ្វី?
៤៩- សរីរៈ និងកិត្តិគុណ
មានចន្លោះតាំងនៅឆ្ងាយពីគ្នាលន្លង់លន្លោចណាស់។ សរីរៈនេះ
រលត់រលាយទៅក្នុងមួយខណៈ ឯកិត្តិគុណស្ថិតនៅរហូតកល្បាវសាន។
៥០- ក្នុងលោកនេះ
សត្វបក្សីមើលឃើញអាហារចំណីដែលស្ថិតនៅឆ្ងាយជាងមួយរយយោជន៍
តែសត្វបក្សីនោះ កាលបើគ្រោះជោគគ្រោះជាំមកដល់ហើយ មើលចំណងមិនឃើញទេ។
៥១-
កាលខ្ញុំបានឃើញព្រះចន្រ្ទ និងព្រះអាទិត្យ ត្រូវរាហូចាប់បៀតបៀន ឃើញដំរី និងនាគ
ជាប់ចំណង ឃើញអ្នកប្រាជ្ញឆ្លៀវឆ្លាតត្រូវក្ដីក្រីក្រលំបាកតោកយ៉ាងក
ខ្ញុំមានមតិដូច្នេះថា ៖
“ឱ្យហ្ន៎ វិធីកម្មនេះមានឫទ្ធិតេជៈកម្លាំងខ្លាំងណាស់តើ!” ។
៥២- វិហគជាតិ (បក្សី)
ទាំងឡាយ ហិចហើយរខ្ពស់ត្រដួចចរទៅព្ធដ៏អាកាសព្យាមា សមបើដែរ!
ធ្លាក់ដល់ក្ដីវិនាសអន្តរាយបាន មច្ឆាជាតិទាំងឡាយអាស្រ័យនៅក្នុងសមុទ្រសាគរ
មានទឹកដ៏ជ្រាលជ្រៅ
រាប់ប្រមាណមិនបាន សមបើដែរ!
ត្រូវព្រានប្រមង់ចាប់យកបានដោយការប៉ិនប្រសប់ បើដូច្នោះមែន
ក្នុងលោកនេះចាំបាច់មានទុច្ចរិតធើ្វអ្វី? សេចក្ដីពិត
ព្រះកាល ជាអ្នកមានដៃក្រាលលាតត្រដាងនូវ
សេចក្ដីអន្តរាយទូទៅ ហើយចាប់សម្លាប់សត្វទាំងឡាយ
សូម្បីស្ថិតនៅក្នុងទីឆ្ងាយស្រឡោចក៏ដោយ។
៥៣-
បុគ្គលគប្បីស្វែងរកសេពគប់មិត្ត ឱ្យបានច្រើនចំនួនរាប់រយ។ ចូរមើល! សត្វព្រាបទាំងឡាយ
រួចពីចំណងចងសម្លាប់ខ្លួនបាន ព្រោះអាស្រ័យស្ដេចកណ្ដុរជាមិត្ត។
៥៤- ក្នុងលោកនេះ
អ្នកមានប្រាជ្ញាតែងធើ្វសមាគមចំពោះតែអ្នកដែលមានសភាពដូចគ្នាគួរចង
ជាមិត្តបាន ចុះបើខ្លួនខ្ញុំត្រូវជាចំណីអាហារ ឯខ្លួនបងជាអ្នកស៊ី
ដូច្នេះតើគួរចងគ្នាធើ្វជាមិត្តម្ដេច
បាន ?
៥៥- ការចង់គ្នាជាមិត្ត
រវាងអ្នកស៊ី និងអ្នកត្រូវគេស៊ី លោកពោលថា ហេតុនាំឱ្យវិបត្តិមិត្តភាព
ដូចជារឿងប្រើសជាប់អន្ទាក់ ព្រោះចចក បានក្អែកជួយស្រោចស្រង់។
——–
រឿងត្មាត ឆ្មា និង បក្សី
៥៦- អ្នកណានីមួយ
មិនគួរគប្បីឱ្យទីអាស្រ័យនៅរួមគ្នាដល់មនុស្សមិនស្គាល់មុខ
មានត្រកូលផ្សេងគ្នាឡើយ ដូចត្មាតឈ្មោះជរទ្តវៈត្រូវគេសម្លាប់បង់
ព្រោះទោស
មកពីឆ្នា។
៥៧- ដរាបណា
ក្ដីភយន្តរាយមិនទាន់មកដល់ទេ ដរាបនោះបុគ្គលគប្បីប្រុងប្រយ័ត្ន
ដល់ភ័យនោះ បើក្ដីភយន្តរាយមកដល់ហើយ បុគ្គលគប្បីក្លាហានតស៊ូនឹងភ័យនោះ
តាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយ។
៥៨-
ហេតុអ្វីក៏ស្រាប់តែត្រូវគេកាប់សម្លាប់ ឬត្រូវគេបូជាដល់អ្នកណានីមួយ តាមតែ
ជាជាតិអ្វីក៏ដោយតែម្ដង គួរតែពិចារណាឱ្យជុំវិញខ្លួន
មើលឱ្យឃើញច្បាស់សេចក្ដី
ប្រព្រឹត្តរបស់គេសិន សឹមយល់ជាគួរសម្លាប់ ឬពុំនោះ គួរបូជា។
៥៩-
បុគ្គលគប្បីព្រមធើ្វបដិសណ្ឋារៈ ទទួលភ្ញៀវដែលមកដល់ផ្ទះហើយ ទោះបីភ្ញៀវ
ជាសត្រូវក៏ដោយ ដូចព្រឹក្សាជាតិ តែងឱ្យម្លប់ជាទីសំចតមិនរើសមុខ
សូម្បីអ្នកកាប់
ឈើក៏ដោយ ។
៦០- ស្មៅ
(ឬចំបើងសម្រាប់អុជបំភ្លឺ) ភូមិទីលំនៅ ទឹក និងសម្ដីពីរោះផ្អែមល្ហែមធម៌៤
ប្រការនេះ ក្នុងកាលណាក៏ដោយមិនដែលខ្វះខាតរលីបរលាប
ក្នុងផ្ទះលោកអ្នកសប្បុរស
ទាំងឡាយទេ ។
៦១- (១)
លោកសប្បុរសទាំងឡាយតែងសម្ដែងមេត្តាករុណាចំពោះសត្វទាំងឡាយមិនរើស
មុខសូម្បីបុគ្គលថោកទាបក៏ដោយ
ដូចជាព្រះចន្រ្ទនឹងថាកំណាញ់ពន្លឺមិនឱ្យដល់លំនៅជន
ចណ្ឌាល ក៏ឥតអង្គឺមានឡើយ ។
-(១)ហិតោបទេស សេចក្ដីប្រែជាភាសាបារាំង របស់លោកឡង់សឺរ៉ូ
និងសេចក្ដីប្រែជាភាសា
សៀមរបស់លោកនាគប្រទីបមានគាថាលើសដូច្នេះគឺ ទោះបីក្មេងកំលោះ ក្រមុំ
ឬចាស់
ព្រឹទ្ធាចារ្យ ដែលមកដល់ផ្ទះហើយ
បុគ្គលត្រូវតែជ្រះថ្លាទទួលរាក់ទាក់ដោយការរាប់អាន
យ៉ាងខ្ពង់ខ្ពស់ ព្រោះក្នុងលោកនេះ
គេទុកភ្ញៀវជាបុគ្គលខ្ពង់ខ្ពស់ជាងជនទាំងពួង។
៦២-
ភ្ញៀវវិលត្រឡប់ចេញពីផ្ទះអ្នកណា ដោយក្ដីក្ដៅក្រហាយចិត្ត ភ្ញៀវនោះឈ្មោះថា
ប្រគល់ឱ្យនូវបាប អពមង្គល ដល់អ្នកម្ចាស់ផ្ទះនោះ ហើយកាន់យកនូវបុណ្យសិរីសួស្ដី
ត្រឡប់ទៅវិញ ។
៦៣-
បុគ្គមានគោត្រកូលឧត្តមខ្ពង់ខ្ពស់ ហើយមានភ្ញៀវត្រកូលថោកទាបមកដល់ផ្ទះហើយ
ក៏គួរតែគោរពបូជា តាមគួរដែលអាចទទួលបាន
ព្រោះភ្ញៀវទាំងអស់សុទ្ធតែទេវតា។
៦៤- នរជនណា
មិនបៀតបៀនសព្វសត្វទាំងឡាយឱ្យក្ដៅក្រហាយ មានព្យាយាមអត់ធន់
ចំពោះការងារទាំងពួង និងជាទីពឹងពំនាក់អាស្រ័យនៃសព្វសត្វ
នរជននោះឈ្មោះថា កសាង
ស្ពានទៅកាន់ស្ថានសួគ៌។
៦៥- មានតែធម៌មួយទេ
លោកហៅថា “មិត្តធម៌” ដែលជាប់ដិតតាមជាមួយខ្លួនទៅក្នុងពេល
ស្លាប់ ឯអវៈអយៈដទៃទៀត
សុទ្ធតែដល់នូវក្ដីវិនាសអន្តរាយជាមួយនឹងសរីរាងកាយទាំងអស់។
៦៦-
កាលបើអ្នកនឹងស៊ីសាច់គេ គួរពិចារណាមើល អ្នកស៊ីសាច់គេ និងសាច់គេដែលអ្នកត្រូវស៊ី
ឱ្យឃើញប្លែកគ្នាទាំងសងខាងសិនថា អ្នកម្ខាងបានឆ្អែត
មានបីតិរីករាយតែក្នុងមួយខណៈប៉ុណ្ណោះ
ឯអ្នកម្ខាងទៀតនោះត្រូវបាត់បង់ជីវិត។
៦៧- នរជន
តែងមានសេចក្ដីទុក្ខព្រួយ ដោយគិតឃើញថា “ខ្លួនត្រូវគេសម្លាប់” កាលបើ
គិតឃើញដូច្នេះគ្រប់គ្នាហើយ និយាយថ្វីដល់ទៅមិត្ត
សូម្បីសត្រូវក៏អាចជួយការពារជីវិតបាន។
៦៨-
បុគ្គលគប្បីបំពេញផ្ទៃខ្លួនឯង ដោយបន្លែជារុក្ខាលតាជាតិ ដែលដុះក្នុងព្រៃតាមទំនើង
វាបានហេតុអ្វីចាំបាច់កាប់សម្លាប់គេដ៏អាក្រក់ក្រៃលែង
ដើម្បីបំពេញផ្ទៃខ្លួនដែលគ្រាន់តែ
ស្រេកឃ្លានប៉ុណ្ណោះ ?
៦៩- ទីឋានណា មិនមានអ្នកប្រាជ្ញារាជបណ្ឌិត
ទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្តិច
បន្តួចក៏គួរលើកតម្កើងសរសើរ ដូចជាប្រទេសណានីមួយ
ដែលឥតមានព្រឹក្សាជាតិ បើមនា
តែដើមល្ហុង ក៏លោកសន្មត់ថាជាដើមឈើបានដែរ។
៧០- អ្នកនេះជាពួកយើង
អ្នកនោះជាពួកគេ នេះជាសម្ដីអ្នកមានចិត្តគំនិតស្រាលទេ
ឯអ្នកដែលមានសិក្សាច្រើនមានចិត្តគំនិតល្អតែងនិយាយថា
អ្នកនៅលើផែនពសុធា
សុទ្ធតែជាផៅពង្សនឹងគ្នាទាំងអស់ ។
៧១-
នឹងថាអ្នកណាជាមិត្តអ្នកណាក៏ពុំទាន់បាន នឹងថាអ្នកណាជាសត្រូវនឹងអ្នកណា
ក៏ពុំទាន់បានដោយអំពើដែលគេប្រព្រឹត្ត ទើបគេស្គាល់គ្នា
“អ្នកនេះជាមិត្ត អ្នកនោះជាសត្រូវ”។
៧២- គេដឹងចិត្តមិត្តក្នុងគ្រាក្រ
ដឹងចិត្តទាហានក្លៀវក្លាក្នុងសង្រ្គាម ដឹងចិត្តស្មោះត្រង់
ក្នុងការសងបំណុលគេ ដឹងចិត្តភរិយា ក្នុងពេលខ្សត់ទ្រព្យ
និងដឹងចិត្តផៅពង្សក្នុងគ្រា
វិនាសអន្តរាយ ។
៧៣-
អ្នកណាមិនលះបង់មិត្តក្នុងគ្រាមានទុក្ខ ក្នុងគ្រាអន្តរាយ ក្នុងគ្រាទុរភិក្ស
ក្នុងគ្រារាស្រ្ត
ចលាចល ក្នុងទ្វារព្រះរាជា និងក្នុងអង្គព្រៃស្មសាន
អ្នកនោះលោកហៅថាផៅពង្ស។
៧៤- នរជនណា
មិនជឿស្ដាប់ភាសិតមិត្តសម្លាញ់ដែលប្រាថ្នាធើ្វប្រយោជន៍ឱ្យ ក្ដីភយន្តរាយ
ស្ថិតនៅជិតអ្នកនោះ នរជននោះឈ្មោះថា ធើ្វសេចក្ដីត្រេកអរដល់សត្រូវ។
៧៥-
បើមានអ្នកណានីមួយនិយាយថា ៖ “ខ្ញុំមិនមានចិត្តអាក្រក់ព្យាបាទទេ ដូច្នេះក៏ដោយ
បុគ្គលមិនគួរជឿពាក្យនេះ យកជាហេតុមេត្រីស្និទ្ធស្នាលឡើយ សេចក្ដីពិត
អ្នកដែលមាន
គុណ គឺការចេះដឹងច្រើន ក៏តែងមានភ័យកើតមកពីមនុស្សទុច្ចរិតទាំងឡាយដែរ។
៧៦- មនុស្សស្លាប់
មិនធុំក្លិនផ្សែងចង្កៀងដែលគេលត់ ស្ដាប់មិនឮពាក្យដាស់តឿនមិត្តសម្លាញ់
មើលឃើញផ្កាយអរុន្ធតី(ផ្កាយព្រឹក)។
៧៧-
បុគ្គលគប្បីវៀរមិត្ត ដែលប៉ងបំផ្លាញការងារក្នុងទីកំបាំងមុខ ហើយនិយាយពាក្យពីរោះ
ផ្អែមល្ហែមក្នុងទីចំពោះមុខ
មិត្តបែបនេះប្រៀបដូចឆ្នាំងដ៏ពេញដោយពិសពុល មានមាត់
ប្រឡាក់ដោយទឹកដោះផ្អែម។
៧៨- ក្នុងលោកនេះ
បើគេនិយាយឱ្យស្លាប់ចិត្ត ដោយប្រើពាក្យផ្អែមល្ហែមដូចទឹកឃ្មុំ បើគេធើ្វឱ្យ
លុះក្នុងអំណាច ដោយឧបាយមច្ឆាចារ គេមិនបញ្ឆោតបោកបាន? ឱគួរសង្វេគណាស់! ។
៧៩-
ឱព្រះម្ចាស់ផែនពសុធាដ៏មានបុណ្យអើយ! ហេតុអ្វីក៏លោកព្រមទទួលមនុស្សបោកគេ ចិត្ត
បាបអាក្រក់ក្រៃលែងមិនដឹងឧបការគុណគេ ដែលគេប្រគល់ជំនឿ
គឺគេជឿទុកចិត្តអស់ពីពោះពុង
នឹងដែលគេមានចិត្តបរិសុទ្ធ ឱ្យនៅលើផ្ទៃផែនដីនេះដូច្នេះ?
៨០-
បុគ្គលកុំគប្បីចងមិត្តសម្លាញ់ ឬ ចងស្ពានមេត្រីមួយអន្លើដោយមនុស្សទុជ៌នឱ្យសោះ
ដូចជាធ្យូង បើនៅក្ដៅរលាកដៃ បើរលត់ហើយវាប្រឡាក់ដៃ។
៨១- នៅមុខអ្នក
វាសំពះលុតក្រាបជិតបាតជើង នៅក្រោយអ្នកវាបេះសាច់ឆ្អឹងជំនីរស៊ី
វានិយាយសម្ដីទន់ផ្អែមល្អូកល្អិន មានលែបខាយដ៏វិចិត្រ ល្ហឹមៗ
ជិតត្រចៀកអ្នកបើមាន
ចម្លោះ លូកចូលទៅបេះយកថ្លើមប្រមាត់មួយរំពេច ឥតកោតញញើតឡើយ សត្វរុយ
វាចេះធើ្វត្រាប់លក្ខណៈមនុស្សចិត្តអាក្រក់សាមាន្យបានទាំងអស់។
៨២- មនុស្សទុជ៌ន
និយាយពាក្យពីរោះគួរជាទីពេញចិត្ត តែមិនត្រូវយកជាហេតុមកធើ្វ
សេចក្ដីស្និទ្ធស្នាល ព្រោះតែសម្ដីពីរោះនោះទេ
ប្រៀបដូចទឹកឃ្មុំជាប់នៅចុងអណ្ដាត
ក្នុងចិត្តពេញដោយពិសពុលដ៏ក្ដៅក្រហាយរោលរាល។
៨៣-
បុណ្យបាបដែលបុគ្គលធើ្វទុកក្នុងលោកនេះ មានកម្លាំងប្លែកចម្លែកអស្ចារ្យណាស់
តែងឱ្យផលតបស្នងវិញយ៉ាងយូរ៣ឆ្នាំ ឬក៏៣ខែ ពុំនោះ ៣កប្ប
បើពុំនោះត្រឹម៣ថ្ងៃ។
៨៤-
ឱសម្លាញ់ជាអ្នកនិរទុក្ខដូចស្ដេចពា្របចិត្រគ្រីព បើខ្ញុំស៊ីបងជាអាហារ
ខ្លួនបងតូចម្ល៉េះ
មិនស្កប់ផ្ទៃខ្ញុំទេ កាលបើបងរស់នៅ ខ្ញុំក៏ឈ្មោះថារស់នៅដែរ។
៨៥- ទោះបីសត្វតិរច្ឆាន
ដែលប្រព្រឹត្តល្អតែម្យ៉ាង វិស្សាសនៈស្និទ្ធស្នាល អាចធើ្វឱ្យគេ
ឃើញជាក់ស្ដែងបាន ដូចសភាពលោកសប្បុរសទាំងឡាយ នឹងថាវិលត្រឡប់ទៅផ្សេង
ក៏ឥតអង្គឺមាន ព្រោះលោកមានសភាពជាសប្បុរសជាប្រក្រតី។
៨៦-
សន្ដានចិត្តលោកសប្បុរសទាំងឡាយ សូម្បីមានសេចក្ដីក្រេវក្រោធកើងឡើង ក៏មិន
ប្រែប្រួលអាកប្បកិរិយា ដូចជាគេមិនអាចយកគុបស្មៅមួយគុប
ទៅដុតកំដៅទឹកសមុទ្រ
សាគរឱ្យក្ដៅពុំពោរបានឡើយ។
៨៧- ឆ្នា១ ក្របី១ ចៀម១
ក្អែក១ និងមនុស្សចិត្តអាក្រក់១ ទាំង៥ពួកនេះ បានសេចក្ដី
ចម្រើនរុងរឿង ព្រោះអាងស្នៀតវៃអែបធើ្វវិស្សាសៈស្និទ្ធស្នាល
ព្រោះហេតុនោះ បុគ្គល
មិនគួរគប្បីប្រគល់ឱ្យនូវវិស្សាសៈស្និទ្ធស្នាលចំពោះបុគ្គលទាំង៥ពួកនោះឡើយ។
៨៨- បើជាសត្រូវហើយ
បុគ្គលកុំគប្បីចងមេត្រីជឿទុកចិត្តយ៉ាងជិតស្និទ្ធឱ្យសោះ ដូចជាទឹក
ទុកជាពុះខ្លាំងគគ្រឹកៗក៏អាចរំលត់ភ្លើងបាន។
៨៩- រីមនុស្សទុជ៌ន
សូម្បីប្រដាប់ខ្លួនដោយគ្រឿងអម្ពរគឺចំណេះវិជ្ជា ក៏បុគ្គលគប្បីចៀសវាង
ចេញឱ្យផុត ដូចសត្វអាសិរពិស សូម្បីប្រដាប់ដោយកែវមណី
វានឹងមិនធើ្វឱ្យយើងមានភ័យ
ឬអ្វី? ។
៩០- របស់ណាមិនអាច
របស់នោះនៅតែមិនអាចពិតប្រាកដ របស់ណាអាច របស់នោះនៅតែ
អាចពិតប្រាកដ ដូចជារទេះបរទៅលើទឹកមិនបានទេ ឯទូក អុំលើគោក ក៏ទៅមិនបានដូច្នេះដែរ។
៩១-
នរជនណាទៅចងចិត្តស្និទ្ធស្នាលនឹងសត្រូវ ឬនឹងភរិយា ដែលមិនមានចិត្តប្រតិព័ទ្ធខ្លួន
ដោយអាងថាមានទ្រព្យសម្បត្តិច្រើន ជីវិតនរជននោះ
ឈ្មោះថាចូលទៅដល់ទីបំផុតខេត្ត
ត្រឹមនោះហើយ។
៩២-
មនុស្សទុជ៌នចិត្តអាក្រក់សាមាន្យ ប្រៀបដូចឆ្នាំងដីបែកបាត់ប្រេះឆាក៏ឆាប់រហ័សណាស់
ដល់តវិញមិនជាប់ទេ ឯលោកសាធុជនចិត្តសប្បុរស ប្រៀបដូចឆ្នាំងមាស
មិនងាយបាក់បែក
ប្រេះឆាទេដល់ផ្សារភ្ជាប់វិញក៏ងាយជាប់។
៩៣- ជាតិលោហធាតុទាំងអស់
រលាយចូលគ្នាបាន ព្រោះដែកមានការរលាយជាលក្ខណៈ
ម្រឹគបក្សីទាំងឡាយ រួបរួមចូលជាហ្វូងបាន
ព្រោះមានរូបរាងសណ្ឋានជាលក្ខណៈ មនុស្ស
ល្ងង់ រួបរួមគ្នាបានព្រោះមានភ័យ និងលោភជាលក្ខណៈ ឯសាធុជនមានមហាត្ម័ន
រួបរួមចូល
គ្នាបាន ដោយទស្សនាញាណ(ស្គាល់ហេតុ ស្គាល់ផល)។
៩៤- មែនពិត
សាធុជនចិត្តល្អ គេមើលទៅឃើញមានអាការដូចផ្លែដូង ឯអ្នកដទៃទៀត
គេមើលទៅឃើញដូចផ្លែពុទ្រា មានសំបកក្រៅរលោងស្រិលគួរជាទីពេញចិត្ត។
៩៥- ខ្សែមេត្រីចិត្តនៃលោកសប្បុរសទាំងឡាយ
សូម្បីមានឧបសគ្គអ្វីមកផ្ដាច់ពីក្ដីស្នេហា
គ្នាគុណប្រសើរមិនផ្លាស់ប្ដូរប្រែប្រួលទេ ដូចដើមឈូក
សូម្បីបាក់ពាក់កណ្ដាល ក៏នៅ
តែមានជាប់សរសៃអន្លាយដែរ ។
៩៦-
ភាពជាបុគ្គលមានចិត្តបរិសុទ្ធ ភាពជាបុគ្គលមានចិត្តស្មើក្នុងគ្រាសុខទុក្ខ
ភាពជាបុគ្គល
មានចិត្តមេត្តាករុណា ភាពជាបុគ្គលមានចិត្តស្រឡាញ់រាប់អាន
ភាពជាបុគ្គលមានចិត្តទៀង
ត្រង់ ទាំងអស់នេះជាគុណសម្បត្តិនៃមិត្ត។
៩៧-
កិរិយាមុជទឹកថ្លាត្រជាក់ត្រជំក្ដី កិរិយាប្រកបដោយខ្សែកដ៏ហើយដោយកែវមុត្តាក្ដី
កិរិយាប្រោះព្រំរឹតរួតសព៌ាង្គកាយ ដោយខ្លឹមចន្ទន៍ក្ដី នឹងថាមិនធើ្វបុគ្គលដែលក្ដីស្អុះស្អាប់
ដោយកំដៅឱ្យត្រជាក់ស្រួលក៏មិនមែន តែមិនប្រសើរជាងសុភាសិតនៃលោកសប្បុរស
ទាំងឡាយ
ដែលអាចចូលទៅប៉ះពាល់យល់ចិត្តត្រជាក់មុនដោយបីតិជ្រះថ្លាដ៏ក្រៃលែង
ព្រោះលោកទុកភាសិតជាត្រីមុខ
ទុកដូចជាមន្តសម្រាប់ស្រូបចិត្តលោកសប្បុរសទាំងឡាយ។
៩៨-
កិរិយាទម្លាយអាថ៌កំបាំងក្ដី ល្មោភសូមក្ដី ភាពជាបុគ្គលមានចិត្តរឹងរួសក្ដី
ភាពជាបុគ្គល
មានចិត្តរប៉ិលរប៉ូចក្ដី សេចក្ដីក្រោធច្រើនក្ដី
ភាពជាបុគ្គលមិនមានសច្ចៈក្ដី ស្រវឹងឈ្លក់ក្នុង
ល្បែងក្ដី ទាំងអស់នេះជាគ្រឿងប្រទូសនៃមិត្ត។
៩៩-
បុគ្គលគប្បីសង្កេតដឹង នូវភាពនៃបុគ្គលមានចិត្តអាក្រក់ និងភាពនៃបុគ្គលពោលពាក្យសច្ចៈ
ដោយទឹកប្រយោគសម្ដី
បុគ្គលគប្បីមើលឃើញនូវភាពនៃបុគ្គលមានចិត្តមិននឹងធឹង និងភាពនៃ
បុគ្គលមានចិត្តមិនរប៉ិលរប៉ូច ដោយឃើញប្រត្យក្សនឹងភ្នែក ។
១០០- មែនពិត
មេត្រីចិត្តនៃបុគ្គលមានចិត្តបរិសុទ្ធ មានសភាពម្យ៉ាង ឯសម្ដីនៃបុគ្គលមានចិត្ត
អាក្រក់ខិលខូច មានសភាពម្យ៉ាងទៀត។
១០១-
មនុស្សចិត្តអាក្រក់ ចិត្តគិតផ្សេង សម្ដីនិយាយផ្សេងទៀត កិរិយាប្រព្រឹត្តផ្សេងទៅទៀត
ឯបុគ្គលមានមហាត្ម័ន ចិត្តគិត សម្ដីនិយាយប្រព្រឹត្តធើ្វតែមួយ។
១០២- (១)
អ្នកមានប្រាជ្ញា កាលដែលលើកជើងក្រោយ លុះត្រាតែជើងមុខជាន់ស៊ុបហើយគឺ
ថារកទីឋានឯទៀតបានហើយ ទើបលះបង់ទីឋានចាស់ចោលបាន។
-(១) ហិតោបទេសប្រែជាភាសាបារាំងលោកឡង់សឺរ៉ូមានគាថាផ្សេងមួយទៀតគឺ៖
ធ្មេញ សក់
ក្រចក និងមនុស្សបើផ្លាស់ទីកន្លែងថ្មី ក្រៅពីកន្លែងដើម មិនល្អទេ
អ្នកមានប្រាជ្ញារិះគិតឱ្យជ្រាល
ជ្រៅហើយ មិនគួរលះបង់ចោលទីឋានឡើយ។
១០៣-
ការគ្រាន់តែប្រដៅនរជនទាំងឡាយដទៃឱ្យគេបានជាបណ្ឌិត នរណាក៏ធើ្វបានងាយ
តែការទូន្មានខ្លួនឯងឱ្យប្រព្រឹត្តទៅតាមគន្លងធម៌ជាការក្រ
ធើ្វបានចំពោះតែបុគ្គលមានមហាត្ម័ន។
១០៤- ប្រទេសឯណា
មិនមានគេរាប់អាន មិនមានផ្លូវរកស៊ីចិញ្ចឹមជីវិត មិនមានញាតិសន្ដាន
ផៅពង្ស ឬក៏មិនមានវិទ្យាគមចម្រើនចំណេះវិជ្ជា
បុគ្គលគប្បីលះបង់ប្រទេសនោះចេញ។
១០៥- លោកយាត្រា
(ការលក់ដូរ)១ សេចក្ដីភ័យ១ អាម៉ាស់មុខ១ មេត្តាករុណា១ ការបរិច្ចាក
ទាន១ ទីឋានណាមិនមានធម៌៤ប្រការនេះទេ
បុគ្គលមិនគប្បីតាំងទីឋានអាស្រ័យនៅ នៅក្នុងទី
នោះឡើយ។
១០៦- មនុស្សសងបំណុលគេ១
គ្រូពេទ្យ១ សមណព្រាហ្មណ៍ចេះដឹងវេទ១ ទន្លេមានទឹកថ្លា
បរិសុទ្ធ១ នៃសម្លាញ់! ទីឋានណាមិនមានវត្ថុ៤ប្រការនេះទេ
បុគ្គលមិនគប្បីតាំងលំនៅ ក្នុងទី
ឋាននោះឡើយ។
១០៧- ទោះក្មេងតូច
ឬកម្លោះក្រមុំ ពុំនោះចាស់ព្រឹទ្ធាចារ្យក៏ដោយ ដែលជាភ្ញៀវមកដល់ផ្ទះ
ហើយ បុគ្គលគប្បីរៀបចំគ្រឿងសក្ការរាប់អានដល់ជននោះៗ
ព្រោះអ្នកទាំងនោះមកដល់
ផ្ទះហើយលោកទុកជាគ្រូទាំងអស់។
១០៨-
ព្រះអគ្និជាគ្រូនៃព្រាហ្មណ៍ទាំងឡាយ ព្រាហ្មណ៍ជាគ្រូនៃជនវណ្ណៈឯទៀត ប្ដីជាគ្រូនៃ
ភរិយាទាំងឡាយ ឯភ្ញៀវដែលមកដល់ផ្ទះជាគ្រូជនទាំងអស់។
១០៩-
ប្រពន្ធក្រមុំស្រាប់តែធើ្វមារយាទាញសក់ប្ដីចាស់ជរាជប់ថើម ហើយចាប់ឱបញក់ញីឥត
ប្រណី ខុសទំនងនុ៎ះមុខជាមានហេតុអ្វីឆ្គងមិនខាន។
១១០-
ពន្លឺត្រជាក់នៃព្រះចន្រ្ទ មិនជាទីពេញចិត្តមនុស្សរងា ពន្លឺក្ដៅនៃព្រះអាទិត្យ
មិនជាទីពេញ
ចិត្តនៃមនុស្សក្ដៅក្រហល់ក្រហាយ ប្ដីចាស់ជរាគ្រាំគ្រាតត្រេតតតត្រត
ក៏មិនជាទីពេញចិត្តនៃ
ភរិយាក្មេងដែរ។
១១១-
បើប្ដីចាស់មើលទៅឃើញសក់ស្កូវសព្រោងហើយ ឱ្យភរិយាក្មេងប្រាថ្នាកាមរាគដូចម្ដេច
កើត? ភរិយាណា
មានចិត្តប្រគល់ឱ្យទៅប្រុសដទៃទៀតហើយ ភរិយានោះ ទុកប្ដីដូចជាថ្នាំរោគ។
១១២-
សេចក្ដីប្រាថ្នាចង់បានទ្រព្យសម្បត្តិ សេចក្ដីប្រាថ្នាចង់ឱ្យមានអាយុយឺនយូរ ជាធម៌តែង
មាននៅក្នុងចិត្តនៃសព្វសត្វទាំងឡាយ
ឯភរិយាក្មេងរូបរាងកាយស្រស់ឥតខ្ចោះត្រង់ណា ជា
ធម៌ធ្ងន់កណ្ដុកជាប់ក្នុងចិត្តដ៏ក្រៃលែងនៃប្ដីចាស់ជរាជាងជីវិតទៅទៀត។
១១៣-
មនុស្សចាស់ជរាលុះក្នុងវិស័យនៃកាម នឹងបរិភោគកាមក៏មិនកើត ឬនឹងលះបង់ចោល
កាមក៏មិនកើតទៀត ដូចសត្វសុនខដែលបាក់ចង្កូមហើយ
គ្រាន់តែបានអង្គៀមយកអណ្ដាត
លិឍឆ្អឹងតែប៉ុណ្ណោះ ។
១១៤-
កិរិយាប្រព្រឹត្តតាមតំនើងចិត្ត កិរិយានៅក្នុងផ្ទះនៃបិតា កិរិយាចូលចិត្តមើលមហោស្រព
កិរិយាចូលចិត្តសេពគប់និយាយច្រើននឹងញាតិ
កិរិយាចូលចិត្តអង្គុយជិតបុរស កិរិយានៅ
បរទេស សមាគមញយៗដោយស្រ្តីផ្កាមាស
វិនាសទ្រព្យសម្បត្តិព្រោះចាយវាយឥតសណ្ដាប់
ធ្នាប់ ស្វាមីចាស់ជរាប្រចណ្ឌឫស្យា និងស្វាមីធើ្វដំណើរទៅប្រទេសក្រៅ អស់ទាំងនេះ
ជាហេតុ
នាំឱ្យភរិយាក្បត់ចិត្តប្ដី។
១១៥-
កិរិយាផឹកទឹកស្រាវឹង១ កិរិយានៅច្រឡំបល់ដោយមនុស្សអាក្រក់១ កិរិយានៅស្ងាត់ពី
ស្វាមី១ កិរិយាដើរលេង១ កិរិយាដេកក្នុងផ្ទះអ្នកដទៃ១
កិរិយានៅឆ្ងាយពីស្វាមី១ទោសទាំង៦
ប្រការនេះជាគ្រឿងប្រទូសនៃស្រ្តីទាំងឡាយ។
១១៦- បពិត្រព្រះតាបសនារទ!
ស្ដ្រីដែលឈ្មោះថាមានសេចក្ដីស្មោះត្រង់ (សេចក្ដីបរិសុទ្ធ)
នោះដោយសារមិនមានកន្លែងស្ងាត់ មិនមានឱកាសមួយស្របក់
និងមិនមានបុរសប្រាថ្នា
ខ្លួនប៉ុណ្ណោះទេ។
១១៧-
នឹងថាបុរសណាស្រ្តីមិនស្រឡាញ់ក៏មិនមែន នឹងថាបុរសណាស្រ្តីស្រឡាញ់ក៏មិនមែន
ទៀត ដោយពិត ស្រ្តីភាព ដូចគោដើរស្វែងរកស្មៅជាអាហារក្នុងព្រៃ
តែងប្រាថ្នានូវស្មៅថ្មីជា
និច្ចរហូតទៅ។
១១៨-
នារីបីដូចជាឆ្នាំងខ្លាញ់ បុរសបីដូចជាភ្លើង ហេតុនោះបានជាអ្នកប្រាជ្ញលោកមិន
តម្កល់ទុកឆ្នាំងខ្លាញ់នឹងភ្លើងក្នុងទីជិតគ្នាទេ។
១១៩- (១)
ធម្មជាតិជាស្រ្តី នឹងថាអៀនខ្មាស ក៏មិនមែន នឹងថាមានខ្លួនទូន្មានហើយ ក៏មិនមែន
នឹងថាមានចិត្តស្មោះត្រង់ចំពោះប្ដី ក៏មិនមែន
ពុំនោះនឹងថាមានសេចក្ដីភ័យខ្លាច ក៏មិនមែនដែរ
សេចក្ដីពិត គឺមិនមែនបុរសចង់ នេះជាហេតុនៃសេចក្ដីស្មោះត្រង់
(បរិសុទ្ធ) នៃស្រ្តីទាំងឡាយ។
-(១) ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរ៉ូ
មានគាថាផ្សេងដូច្នេះគឺ៖
កាលឃើញបុរសស្លៀកពាក់ហ៊ឺហាទោះបងប្អូន ឬកូនចៅ
ស្រ្តីភាពតែងសម្ដែងសេចក្ដីប្រាថ្នា
ឱ្យដឹងខុសខ្នាតមាត្រា ឱ! តាបសនារទៈ នេះជាសេចក្ដីពិតឥតតវ៉ាឡើយ។
សេចក្ដីប្រែជាភាសា
សៀមរបស់លោកនាគប្រទីប មានគាថាផ្សេងដូច្នេះ ក- សេចក្ដីពិត
ស្រ្តីភាពមានចិត្តប្រែប្រួល
ជានិច្ច សូម្បីក្នុងប្រជុំទេវតាក៏មានល្បីឈ្មោះ
បុរសណាអាចប្រលោមនាងបាន បុរសនោះទុក
ជាមានវាសានល្អ។ ខ- បុរសមិនគួរអង្គុយក្នុងទីស្ងាត់ជាមួយមាតា បងស្រី
ឬប្អូនក្រមុំខ្លួន
កាមនេះ បើនៅរួមគ្នាក្នុងទីស្ងាត់
មានកម្លាំងក្លៀវក្លាណាស់សូម្បីអ្នកប្រាជ្ញក៏ឆក់ឈ្លក់ងងឹតមុខ
ទប់មិនបានដែរ។
១២០- បិតារក្សាក្នុងកាលនៅក្មេង
បងប្រុសគ្រប់គ្រងកាលនៅក្រមុំ កូនប្រុសរក្សាកាលដល់
វ័យចាស់ជរា ស្រ្តីភាពនៅឯករាជ្យមិនគួរឡើយ។
១២១- តាបសឧសនា
និងព្រះព្រឹហស្បតិ៍ លោកចេះដឹងកលមាយាសាស្រ្តឯណា កលមាយា
សាស្រ្តនោះ ប្រតិស្ឋានស្រេចហើយក្នុងប្រាជ្ញានៃស្រ្តីភាព
តាមសភាពតាំងតែពីកំណើតមក
ស្រាប់។
១២២- សព្វកិច្ចការ
គ្រប់ទីឋាន គ្រប់កាលវេលា ក្នុងលោកនេះបុគ្គលមានទ្រព្យច្រើន ឈ្មោះថា
មានកម្លាំង សេចក្ដីពិត ព្រះរាជាមានភាពជាមហាអំណាច
ព្រោះមានទ្រព្យជាមូលហេតុ។
១២៣- ក្នុងលោកនេះ
បុគ្គលមានទ្រព្យ ឈ្មោះថាមានកម្លាំង ឈ្មោះថាបណ្ឌិត អ្នកចូរមើល!
អាសត្វកណ្ដុរចង្រៃនេះ វាធ្លាក់ខ្លួនទៅតាមសភាពដើមវាវិញហើយ។
១២៤-
បុគ្គលមានការចេះដឹងតិច កាលបើហីនហោចរលំរលាយទ្រព្យអស់ហើយ កិច្ចការទាំង
ឡាយឯទៀត ក៏ឈ្មោះថាវិនាសអន្តរធានទៅដែរ
ដូចជាស្ទឹងមានទឹកតិចដល់គិម្ហរដូវក៏រីងស្ងួត
ហួតហែងអស់រលីង។
១២៥- អ្នកមានទ្រព្យ
ឈ្មោះថាមានមិត្ត អ្នកមានទ្រព្យ ឈ្មោះថាមានផៅពង្ស អ្នកមានទ្រព្យ
ឈ្មោះថាជាបុរស អ្នកមានទ្រព្យ ឈ្មោះថាជាបណ្ឌិត។
១២៦- ផ្ទះអ្នកមិនមានកូន
ជាផ្ទះសោះសូន្យ នរជនមិនមានមិត្តចិត្តល្អ ជាបុគ្គលសោះសូន្យ
ទិសមនុស្សល្ងង់ខ្លៅ ក៏ជាទិសសោះសូន្យ ឯភាពមនុស្សក្រីក្រ
ឈ្មោះថាជាភាពសោះសូន្យ
ជាងអ្វីទាំងអស់។
១២៧- (១) បើឥន្រ្ទីយទាំងឡាយមិនវិកលហើយ
កេរ្តិ៍ឈ្មោះក៏នៅដដែល បើប្រាជ្ញាមិនវិបត្តិ
ចរិតហើយ វាចាក៏គង់នៅដដែលមិនប្លែក
បើបុរសប្រាសចាកកម្លាំងទ្រព្យសម្បត្តិអស់រលីង
ហើយ អ្វីដទៃទៀតដែលមិនឈ្មោះថារលំរលាយនៅក្នុងមួយខណៈនោះដែរឬ? ឱធម្មជាតិ
អស់នេះគួរឱ្យស្ងើចអស្ចារ្យណាស់ហ្ន៎! ។
-(១) ហិតោបទេសប្រែជាភាសាសៀមរបស់លោកនាគប្រទីបមានគាថាលើសដូច្នេះ ៖
“បណ្ដាសេចក្ដីក្រីក្រ និង
សេចក្ដីស្លាប់ពីរប្រការនេះគេចូលចិត្តសេចក្ដីក្រីក្រជាងសេចក្ដីស្លាប់
តែដោយពិតសេចក្ដីស្លាប់នាំឱ្យកើតក្ដីទុក្ខស្រាលទេ ហើយតែម្ដងក៏អស់ទៅ
ឯសេចក្ដីក្រីក្រ
ធើ្វឱ្យកើតក្ដីព្រួយខ្លាំងបំផុតស្ទើរតែអត់ទ្រាំមិនបាន។
១២៨-
អ្នកមានប្រាជ្ញាមិនគួរគប្បីប្រកាស ការវិនាសទ្រព្យសម្បត្តិ ការក្ដៅក្រហាយចិត្ត
ទុច្ចរិត
ឧបទ្រពចង្រៃក្នុងផ្ទះ ការត្រូវគេប្រវ័ញ្ចន៍ និងការគេមើលងាយ
ឱ្យគេដឹងឮឡើយ។
១២៩- អាយុជីវិត
ទ្រព្យសម្បត្តិ ទោសជាចន្លោះក្នុងផ្ទះ មន្រ្តី(រឿងសម្ងាត់) មេថុន ភេសជ្ជះ
(ថ្នាំកែរោគ) តបធម៌ ការឱ្យទាន និងការគេមើលងាយ លក្ខណៈ៨ប្រការនវ
បុគ្គលគប្បីគ្រប់
គ្រង់រក្សាទុកដោយប្រយ័ត្នប្រយែងមែនទែន។
១៣០- អ្នកមានប្រាជ្ញា
តែខ្សត់ទ្រព្យ បើព្រេងវេសនាមិនជួយព្យាយាមរបស់បុរសក៏ឥតប្រយោជន៍
តើនឹងស្វែងរកសេចក្ដីសុខដទៃឯណាក្រៅពីការចូលទៅក្នុងព្រៃ?
១៣១- អ្នកមានប្រាជ្ញា
បើទុកជាត្រូវស្លាប់ក៏មិនប្រកែក តែមិនព្រមឱ្យធ្លាក់ខ្លួនទៅជាក្រីក្រទេ!
ដូចជាភ្លើងសូម្បីរលត់ហើយក៏មិនព្រមត្រជាក់។
១៣២- អ្នកមានប្រាជ្ញា
នឹងផ្កាភួងមានសភាពដូចគ្នា ស្ថិតនៅក្នុងគតិតែ ២យ៉ាងគឺ៖ ១ទៅទំលើ
ក្បាលនៃនរជនទាំងពួង និង២ ស្រពោនស្វិតក្រៀមក្រញង់ស្លាប់ក្នុងព្រៃ។
១៣៣-
នរជនធ្លាក់ខ្លួនទៅជាក្រីក្រ
លោតទម្លាក់ខ្លួនក្នុងគំនរភ្លើងឱ្យស្លាប់បាត់បង់ជីវិតស្រឡះ
ទៅប្រសើរជាងការដើរអើតងើបសូមទានគេដែលគេឥតគួរសម កំណាញ់មិនចង់ឱ្យទាន
មិន
ប្រសើរឡើយ។
១៣៤- សេចក្ដីក្រីក្រ
នាំឱ្យកើតក្ដីអៀនខ្មាស ក្ដីអៀនខ្មាស នាំឱ្យបាត់ក្ដីក្លាហាន ការបាត់ក្ដី
ក្លាហាន នាំឱ្យបុគ្គលដទៃមើលងាយ ការគេមើលងាយ
នាំឱ្យកើតក្ដីស្អប់ខ្ពើម ក្ដីស្អប់ខ្ពើម
នាំឱ្យកើតសេចក្ដីទុក្ខសោក សេចក្ដីទុក្ខសោក នាំឱ្យអាប់ប្រាជ្ញា
ការអាប់ប្រាជ្ញា នាំឱ្យដល់
ក្ដីក្ស័យអន្តរធានអ្វីទាំងអស់។ ឱ! អនិច្ចាក្ដីក្រីក្រអើយ
អ្នកជាប្រធាននៃសេចក្ដីវិនាសគ្រប់
ប្រការ។
១៣៥- ការនៅស្ងៀមប្រសើរ
ការពោលពាក្យកុហកមិនប្រសើរឡើយ ការតាំងខ្លួនជាបុរស
ខ្សោយអំណាចប្រសើរ ការលួចភរិយាអ្នកដទៃមិនប្រសើរឡើយ
ការលះបង់ជីវិតប្រសើរ
ការពេញចិត្តស្ដាប់ពាក្យញុះញង់ស៊កសៀតមិនប្រសើរឡើយ
ការតាំងខ្លួនជាយាចកប្រសើរ
សេចក្ដីសុខ ដែលកើតពីការចិញ្ចឹមជីវិតដោយសារទ្រព្យជនដទៃមិនប្រសើរឡើយ។
១៣៦-
ការនៅក្នុងខ្ទមសោះសូន្យប្រសើរ ការនៅក្នុងផ្ទះឥស្សរជនកាចកំរោលមិនប្រសើរ
ឡើយ ការយកស្រ្តីផ្កាមាសជាភរិយាប្រសើរ ការយកស្រ្តីមានត្រកូល
ដែលប្រព្រឹត្តកន្លង
ប្រពៃណីមិនប្រសើរឡើយ ការនៅក្នុងព្រៃប្រសើរ
ការនៅក្នុងបុរីដែលមានសេចក្ដីអយុត្តិ
ធម៌មិនប្រសើរឡើយ និងការបរិច្ចាកជីវិតប្រសើរ
ការសេពគប់ទុជ៌នមិនប្រសើរឡើយ។
១៣៧- ការនៅជាទាសៈគេ
តែងទម្លាយបង់នូវមានះទាំងអស់ ការចាស់ជរាតែងទម្លាយបង់
នូវរូបសោភា ការនិយាយរឿងព្រះនារាយន៍
និងព្រះឥសូរតែងទម្លាយបង់នូវបាបកម្ម ឯការ
ធើ្វជាយាចកឈ្មោះថាទម្លាយបង់នូវគុណរាប់រយ ទាំងអស់នេះ
លោកប្រៀបថាដូចជា
ងងឹតទម្លាយបង់នូវពន្លឺ។
១៣៨-
ការចេះដឹងរផាត់រទាំង១ មេថុនដោយការទិញដូរ១ និងការចិញ្ចឹមជីវិតដោយសារ
ជនដទៃ១ ទាំង៣ប្រការនេះ ជាគ្រឿងរំខាននាំឱ្យអាម៉ាស់មុខនៃបុរសទាំងឡាយ។
១៣៩-
បុគ្គលមានរោគបៀតបៀន បុគ្គលព្រាត់ប្រាសអស់កាលយូរ បុគ្គលអាស្រ័យបាយ
ទឹកគេចិញ្ចឹមជីវិត និងបុគ្គលប្រព្រឹត្តដេកនៅក្រោមសំយ៉ាបផ្ទះជនដទៃ
ជីវិតនៃបុគ្គលនោះៗ
ឈ្មោះថា ជាជីវិតស្លាប់សូន្យឈឹង សេចក្ដីស្លាប់នៃបុគ្គលនោះៗឈ្មោះថា
ជាទីសម្រាកដ៏
ស្ងប់ស្ងៀម។
១៤០- នរជនមានប្រាជ្ញា
តែងនៅញាប់ញ័រដោយសេចក្ដីលោភ សេចក្ដីលោភនាំបង្កើតតណ្ហា
តណ្ហានាំបង្កើតបានក្ដីទុក្ខនៅនាលោកនេះ និងបរលោក។
១៤១-
បុគ្គលមានចិត្តជាប់ដោយទ្រព្យ មិនមានចិត្តរីករាយ មានចិត្តមិនលុះក្នុងអំណាចខ្លួន
និងមានខ្លួនមិនបានទូន្មាន សេចក្ដីអន្តរាយទាំងអស់
តែងគ្របសង្កត់ចិត្តនៃជនណាមួយដែល
មិនសន្ដោស។
១៤២-
នរជនណាមានចិត្តសន្ដោសរីករាយ នរជននោះឈ្មោះថាជាម្ចាស់នៃសម្បត្តិទាំងអស់
ដូចបុគ្គលពាក់ទ្រនាប់ស្បែកជើង ដើរលើផែនដីក៏ហាក់ដូចជាដឹងថា
ផែនដីទាំងមូលក្រាល
ពាសពេញដោយស្បែក មិនមែនដូច្នោះឬ?
១៤៣-
បុគ្គលដែលក្រេបផឹកទឹកអម្រឹតគឺសន្ដោស មានចិត្តក្សេមក្សាន្តតែងបាននូវសេចក្ដីសុខ
ត្រជាក់ត្រជំ ឯបុគ្គលល្មោភដើរស្វះស្វែងរកទ្រព្យ ទៅខាងនេះទៅខាងនោះ
ខ្វល់រចល់ញ័រ
ទទ្រើកដូចរកខ្យល់ តើបានសេចក្ដីសុខមកពីណា?
១៤៤-
អ្នកណាលះបង់សេចក្ដីប្រាថ្នាទ្រព្យទុកក្រោយខ្នង មិនមានអាល័យទ្រព្យនោះសោះ
អ្នកនោះ ឈ្មោះថាបានរៀនសូត្រហើយ ឈ្មោះថាបានស្ដាប់យល់ហើយ
និងឈ្មោះថាបាន
ប្រតិបត្តិធម៌ទាំងអស់។
១៤៥-
ជីវិតនៃបុគ្គលណាមួយ ដែលមិនទៅអើតងើបសូមទានតាមទ្វារផ្ទះនៃឥស្សរជនមិនធ្លាប់
គប់គេ មិនដែលភពប្រសព្វសេចក្ដីព្រាត់ប្រាសទុក្ខព្រួយ
និងមិនដែលពោលពាក្យឥតខ្លឹមសារ
បុគ្គលនោះឈ្មោះថាមានបុណ្យវាសនាធំណាស់ហ្ន៎! ។
១៤៦-
ទីឋានឆ្ងាយចំនួនមួយរយយោជន៍ មិនមែនឆ្ងាយណាស់ណាទេ សម្រាប់បុគ្គលជាខ្ញុំតណ្ហា
ឯបុគ្គលមានចិត្តសន្ដោស សូម្បីទ្រព្យមកដល់ដៃហើយ
ក៏មិនរវល់អើពើប៉ុន្មានដែរ។
១៤៧-
សម្រាប់ជននាផ្ទៃក្រោមនេះ អ្វីហ្ន៎ជាធម៌? សេចក្ដីអាណិតអាសូរសត្វលោក
អ្វីហ្ន៎ជា
សេចក្ដីសុខ! កិរិយាប្រាសចាករោគាពាធ អ្វីហ្ន៎សេចក្ដីស្នេហា? ភាពនៃបុគ្គលជាអ្នកសប្បុរស
អ្វីហ្ន៎ជាភាពនៃបណ្ឌិត? ការដឹងកំណត់ប្រមាណខ្លួន។
១៤៨- ពិតមែន
ភាពជាបណ្ឌិតគឺការដឹងកំណត់ប្រមាណ កាលមានហេតុវិបត្តិកើតឡើងនរជន
ដែលមិនដឹងការកំណត់ប្រមាណខ្លួន តែងភពប្រសព្វក្ដីវិបត្តិអន្តរាយគ្រប់ៗជំហានជើង។
១៤៩- (១)
គប្បីលះបង់បុគ្គលម្នាក់ ដើម្បីស្រង់ត្រកូល គប្បីលះបង់ត្រកូល ដើម្បីរក្សាភូមិ
គប្បីលះបង់ភូមិ ដើម្បីរក្សាប្រទេស គប្បីលះបង់ប្រទេស
ដើម្បីស្រោចស្រង់ខ្លួន។
-(១) ហិតោទេសសេចក្ដីប្រែជាភាសាបារាំង របស់លោកឡង់សឺរ៉ូ មានគាថាលើសដូច្នេះ
កាលបើចូលទៅដល់ឥស្សរជនខ្ពង់ខ្ពស់ហើយ បុគ្គលត្រូវទទួលផលនៃឥស្សរជននោះ
ដូចនាគវសុកំព័ទ្ធ(ព្រះឥសូរ) បានទៅជាព្រះតាបស។
១៥០-
មានទឹកផឹកមិនបាច់ព្យាយាម ដឹងក្ដីមានអាហារក្របកដោយរសឆ្ងាញ់កន្លងផុតភ័យក្ដី
ខ្ញុំ(ហិរណ្យកៈ) ពិចារណាមើលរួចហើយ ទើបខ្ញុំមកកាន់ទីឋាននិរជនស្ងាត់ដូច្នេះឯង
ព្រោះថា៖។
១៥១-
ជីវិតអ្នកទីទ័លក្រីក្រ ដែលហីនហោចចាកទ្រព្យសម្បត្តិអាស្រ័យនៅក្នុងព្រៃទុរគមជ្រងំ
ស្ងាត់ ប្រកបដោយម្រឹគពាឡសាហាវយង់ឃ្នងមានតែខ្លា និងដំរី
យកឈើព្រៃជាលំនៅ យក
ផ្លែឈើទុំនិងទឹកជាចំណីអាហារ យកស្មៅជាកម្រាលដេក
និងយកសំបកឈើជាគ្រឿងស្លៀក
ពាក់ ប្រសើរជាងការនៅកណ្ដាលហ្វូងញាតិផៅពង្ស។
១៥២- (១) ព្រឹក្សាជាតិ
មានពិសពុល ពោលគឺសំសារវដ្ដនេះ មានផលទុកដូចជារសផ្អែមតែពីរ
ប្រការ គឺចម្ងាញ់នៃរសទឹកអម្រឹត ពោលគឺកាព្យឃ្លោង១
និងសមាគមមួយអន្លើដោយសប្បុរស
ទាំងឡាយ១ ។
-(១) បិតោបទេស សេចក្ដីប្រែជាភាសាបារាំងនៃលោក ឡង់សឺរ៉ូ មានគាថាជ្រែកចូលដូច្នេះថា
“ក្នុងសំសារវដ្ដមិនមានខ្លឹមសារនេះគួរបំពេញកិច្ចជាខ្លឹមសារ ៣
ប្រការគឺ ៖ សមាគមមួយអន្លើ
ដោយសាធុជន ១ បង្អោនចិត្តជ្រះថ្លាចំពោះព្រះកេសវៈ(ព្រះនរាយណ៍)១
និងជម្រះកាយក្នុង
គង្គា១ ។ សេចក្ដីប្រែជាភាសាសៀមរបស់លោកនាគប្រទីប មានគាថាដូច្នេះ៖ ក-
ជីវិតអ្នក
ណាប្រព្រឹត្តកន្លងទៅដោយសេចក្ដីកំណាញ់ មិនបរិភោគខ្លួនឯង
មិនចែកចាយជាប្រយោជន៍
សាធារណៈ ជីវិតអ្នកនោះឈ្មោះថាស្លាប់បាត់បង់ហើយ សូម្បីមានខ្យល់ចេញចូល
ក៏មិន
អស្ចារ្យអ្វីជាងស្នប់ ជាងដែកឡើយ។ ខ-
ប្រយោជន៍អ្វីដោយទ្រព្យដែលមិនប្រើប្រាស់ខ្លួន
ឯង នឹងមិនចែកចាយជាប្រយោជន៍សាធារណៈ? ប្រយោជន៍អ្វី
ដោយរេហ៍ពល ដែលមិន
គំរាមសត្រូវ ប្រយោជន៍អ្វីដោយការចេះដឹង
ដែលមិនបានប្រតិបត្តិតាមព្រះធម៌? ប្រយោជន៍
អ្វីដោយអត្ថភាពខ្លួន ដែលមិនបានទូន្មានឥន្រ្ទិយ។
១៥៣-
ទ្រព្យសម្បត្តិប្រៀបដូចធូលីជាប់បាតជើង យោព្វនវ័យប្រៀបដូចជាខ្សែទឹកក្នុងជ្រោះ
ហូរខ្មាញ់ចុះពីកំពូលភ្នំ ការមានអាយុរស់នៅយឺនយូរប្រៀបដូចការឃ្លេងឃ្លោងនៃដំណក់ទឹក
កម្រើក ជីវិតសត្វប្រៀបដូចក្រពេញទឹក
អ្នកណាមានចិត្តរីករាយមិនប្រព្រឹត្តធម៌ ដែលទុក
ដូចជាកូនសោចាក់បើកទ្វារទៅកាន់ស្ថានសួគ៌ទេ
អ្នកនោះលុះត្រូវជរារួបរឹតស៊ីឱ្យទ្រុឌទ្រោម
ហើយ ក៏រមែងឆេះដោយភ្លើងគឺសេចក្ដីសោកសង្រេងសង្រៃ និងសេចក្ដីក្ដៅក្រហាយស្ដាយ
ក្រោយមិនមានទីបំផុត។
មកពីខំប្រឹងប្រែងកពូនទ្រព្យសម្បត្តិហួសពេកហ្ន៎! បានជាបងត្រូវ
ទទួលទោសគ្រោះថ្នាក់លំបាកដូច្នេះ ចូរស្ដាប់ខ្ញុំ ខ្ញុំនឹងប្រាប់ថា ៖
១៥៤-
ការបរិច្ចាទ្រព្យសម្បត្តិ ដែលបុគ្គលសន្សំកពូនទុកនេះឯង ឈ្មោះថា “រកទ្រព្យសម្បត្តិ”
ដូចធារី ទឹកជំនន់បរិច្ចាគទឹកដែលនៅក្នុងពោះបឹង
ហើយពេញដោយទឹកដដែលវិញដូច្នោះ។
១៥៥- មនុស្សកំណាញ់
ដែលជីកកប់ទ្រព្យទុកក្នុងខាងក្រោមដីដោយហេតុឯណា ដោយហេតុ
នោះ មនុស្សកំណាញ់នោះឈ្មោះថា៖ កសាងផ្លូវ
ដើម្បីទៅឋានក្រោមគឺនរកទុកមុនស្រេចហើយ។
១៥៦- នរជននោះ
គិតតែចង់បានទ្រព្យសម្បត្តិ តែបិទផ្លូវសេចក្ដីសុខខ្លួនឯង នរជននោះ
ទុកដូចជារែកភារៈដ៏ធ្ងន់ឱ្យជនដទៃ យកខ្លួនធ្វើជាភាជន
ទទួលរងទុក្ខលំបាកជំនួសគេទទេៗ។
១៥៧-
ថាបើធើ្វជាសេដ្ឋីមានទ្រព្យច្រើន ក៏កំណាញ់ស្វិតស្វាញមិនឱ្យទាន និងមិនបរិភោគ
ប្រើប្រាស់ខ្លួនឯងឱ្យល្មមដល់ទ្រព្យ នុ៎ះយើងទាំងអស់គ្នា
ក៏ឈ្មោះថាមានទ្រព្យដូចសេដ្ឋីនោះ
ដែរ មិនមែនដូច្នោះឬអ្វី? ។
១៥៨-
ទ្រព្យសម្បត្តិនៃមនុស្សកំណាញ់ ទុកដូចជាទ្រព្យនៃជនដទៃស្រេចទៅហើយ ព្រោះថាមិន
បានរីករាយប្រើប្រាស់ខ្លួនឯង គ្រាន់តែបានពាក្យគេសរសើរថា
“នេះជាទ្រព្យនៃអ្នកនោះ” ប៉ុណ្ណោះ
លុះទ្រព្យនោះដល់នូវសេចក្ដីសាបសូន្យទៅហើយ បានសេចក្ដីទុក្ខថែមទៀត។
១៥៩- (១) ការឱ្យទាន
ព្រមទាំងមានវាចាពីរោះ ១ ការចេះដឹង ព្រមទាំងការធ្ងន់ធ្ងរ ១ សេចក្ដីក្លៀវក្លា
ព្រមទាំងការអត់ធន់១ និងទ្រព្យសម្បត្តិ ប្រកបដោយការបរិច្ចាកទាន១
មង្គល ៤ ប្រការនេះកម្ររក
បានណាស់ក្នុងលោកនេះ ។
-(១) ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់ សឺរ៉ូ
និងភាសាសៀមនៃលោកនាគ
ប្រទីប មានគាថាលើសដូច្នេះ “ទ្រព្យនៃមនុស្សកំណាញ់
ដែលមិនបានឱ្យទានដល់ទេវតា ដល់ព្រាហ្មណ៍
ដល់ញាតិសន្ដាន និងប្រើប្រាស់ខ្លួនឯង តែងវិនាសទៅដោយអគ្គីភ័យ
ដោយចោរភ័យ ជរាជ័យ”។
ក្នុងសេចក្ដីប្រែជាភាសាសៀម មានគាថាមួយទៀតថា៖ “ទ្រព្យសម្បត្តិមានគតិ
៣ យ៉ាងគឺ៖ ចែកទាន
ឱ្យប្រយោជន៍ដល់ជនដទៃ១ បរិភោគប្រយោជន៍ខ្លួន១ និងវិនាសទៅ១ ។
អ្នកណាមិនបានឱ្យទាន
មិនបានបរិភោគខ្លួនឯង ទ្រព្យសម្បត្តិអ្នកនោះធ្លាក់ទៅគតិទី៣” ។
១៦០- បុគ្គលគប្បី
កពូនទ្រព្យសម្បត្តិអស់កាលជានិច្ច តែមិនគប្បីលោភលន់ហួសប្រមាណពេក
ទេ ៖ ចូរមើល! សត្វចចកលោ្មភនេះមាននិស្ស័យជាអ្នកល្មោភ
ស្លាប់ចោលបង់សៀត ព្រោះត្រូវសរ។
—————–កថាទី៦
១៦១-
សត្វលោកតែងដល់នូវសេចក្ដីក្ស័យប្រាណ ដោយទឹក ដោយភ្លើង ដោយពិសពុស
ដោយគ្រឿងសស្រ្ដាវុធ ដោយគ្ដីអត់ឃ្លាន ដោយព្យាធិ
និងដោយធ្លាក់ពីកំពូលភ្នំ ពុំនោះដោយ
ហេតុឯណាមួយពុំខានឡើយ។
១៦២- សេចក្ដីទុក្ខលំបាក
ដែលគេមិនបានគិតទុកជាមុន អាចកើតឡើងដល់ប្រជាករយ៉ាងណា
សេចក្ដីសុខកើតឡើងដល់ប្រជាករយ៉ាងនោះដែរ អាត្មាអញជឿថា
ក្នុងលោកនេះស្រេចតែព្រេង
សំណាង ។
១៦៣- មនុស្សនេះ
បានជាអាហារបាន ១ខែ ប្រើសនិងជ្រូកបាន ២ខែ ឯពស់ទុកអាហារបាន
១ថ្ងៃដែរ ថ្ងៃនេះ គួរអាត្មាអញស៊ីខ្សែឆ្នូនេះមុនដំបូងបង្អស់។
១៦៤-
ទ្រព្យណាដែលគេឱ្យទាន ទ្រព្យណាដែលខ្លួនឯងបរិភោគ ទ្រព្យនោះៗឈ្មោះថាជាទ្រព្យ
នៃជនមានទ្រព្យពិតប្រាកដមែន ព្រោះថា
កាលបើខ្លួនអ្នកមានទ្រព្យនោះស្លាប់បាត់បង់ទៅហើយ
សម្បត្តិទ្រព្យព្រមទាំងភរិយា នឹងធ្លាក់ទៅជាគ្រឿងល្បែងនៃជនដទៃៗ។
១៦៥- ទ្រព្យណាដែលអ្នកឱ្យដល់បុគ្គលប្រសើរដ៏លើស
ទ្រព្យណាដែលអ្នកបរិភោគរាល់ៗថ្ងៃ
ខ្ញុំគិតឃើញថាទ្រព្យនោះៗ ជាសម្បត្តិទ្រព្យរបស់អ្នកពិតៗ
តើអ្នកស្រវឹងរក្សាទ្រព្យសម្បត្តិដែល
សេសសល់ទុកឱ្យនរណាទៀត? ។
១៦៦-
នរជនជាបណ្ឌិតមានប្រាជ្ញាល្អ តែងមិនរវល់ចង់បានទ្រព្យសម្បត្តិដែលមិនត្រូវបាន មិនកើត
ទុក្ខសោកសៅក្ដៅក្រហាយស្ដាយទ្រព្យដែលវិនាសបាត់ទៅ
ហើយនិងមិនវង្វេងជ្រប់ដល់ទៅបាត់
ស្មារតីក្នុងពេលដែលសេចក្ដីក្រីក្រមកដល់ប៉ុន្មានឡើយ។
១៦៧-
បុរសសូម្បីបានសិក្សារៀនសូត្រសាស្រ្តវិជ្ជាទាំងឡាយហើយ ក៏នៅតែល្ងង់ លុះត្រាតែ
បុរសណាហាត់ធើ្វថ្នឹក បុរសនោះទើបឈ្មោះថាជាអ្នកប្រាជ្ញមែន
ដូចគ្រូពេទ្យធ្លាប់ត្រិះរិះគិត
ផ្សំថ្នាំបានល្អ ថ្នឹកមើលមនុស្សឈឺឱ្យជារោគ
មិនមែនគ្រាន់តែប្រាប់ឈ្មោះថ្នាំ ហើយជារោគនោះទេ។
១៦៨- សេចក្ដីពិត
វិធីនៃការចេះដឹង មិនអាចញ៉ាំងបុគ្គលខ្លាចនឿយហត់ (ខ្លាចសេចក្ដីព្យាយាម
ហាត់ធើ្វ) សូម្បីតែបន្តិចបន្តួចឱ្យបានជាបុគ្គលមានគុណគាប់ប្រសើរទេ
ក្នុងលោកនេះ បុគ្គលភ្នែក
ខ្វាក់សូម្បីកាន់ប្រទីបនៅដៃ
នឹងថាមើលឃើញទ្រព្យសម្បត្តិដែលនៅជុំវិញខ្លួនឬអ្វី?
១៦៩- សេ្ដច
ស្រ្តីក្រមុំនៃត្រកូលព្រាហ្មណ៍ មន្រ្តី ដោះ ធ្មេញ សក់ ក្រចក និង នរជន ទាំងអស់នេះ
ដែលគេដកចេញពីកន្លែង (ពីតំណែង) មិនល្អទេ។
១៧០- សីហ សប្បុរស និង
ដំរី តែងលះបង់ទីឋានមិនល្អ ទៅរកទីឋានល្អ តែសត្វក្អែក បុរស
គម្រក់ និងម្រឹគនៅស្លាប់នឹងទីកន្លែងខ្លួន។
១៧១- វិរបុរស
ជាអ្នកមានប្រាជ្ញា មិនរវល់យកចិត្តទុកដាក់ថា៖ ដូចម្ដេចហៅថាប្រទេសខ្លួន
ឬដូចម្ដេចហៅថាប្រទេស “ឡើយ” ចូលទៅក្នុងប្រទេសណា
ក៏ខំប្រឹងប្រែងរកទ្រព្យដោយ
កម្លាំងនៃខ្លួនក្នុងប្រទេសនោះ ដូចសត្វសីហៈ
ចូលទៅនៅក្នុងព្រៃណាមិនមានអ្វីជាអាវុធ
មានតែចង្កូម ក្រចក និងកន្ទុយជាគ្រឿងប្រហារ
អាចចាប់សម្លាប់ស្ដេចដំរីសារហែកជញ្ជែង
ស៊ីហុតឈាម ដើម្បីសេចក្ដីស្រេកឃ្លាន នៅក្នុងព្រៃនោះ។
១៧២-
បុគ្គលមិនប្រឹងប្រែងរកទ្រព្យសម្បត្តិ ឈ្មោះថាប្រគល់ការសម្បូណ៍ទ្រព្យសម្បត្តិទៅលើ
ដៃនរជនដែលមានសេចក្ដីព្យាយាម ដូចកង្កែបលោតចូលទៅក្នុងអណ្ដូង
ឬដូចត្រីហែលចូលទៅ
ក្នុងស្រះដែលពេញប្រៀបដោយទឹកដូច្នោះ។
១៧៣-
បុគ្គលគប្បីទទួលរ៉ាប់រងសេចក្ដីសុខ និងសេចក្ដីទុក្ខដែលមកដល់ហើយ ព្រោះថាសេចក្ដី
ទុក្ខ និងសេចក្ដីសុខទាំងពីរប្រភេទនេះតែងវិលចុះវិលឡើងដូចកង់រទេះ ។
១៧៤- ជោគលាភ
(ព្រេងសំណាង) តែងរត់ទៅរកតែនរជនដែលបរិបូណ៌ដោយសេចក្ដីព្យាយាម
មិនដេកទ្រមក់ហួសកាលវេលា ស្គាល់វិធីដំណើរការ
មិនជាប់ជំពាក់ចិត្តក្នុងក្ដីអន្តរាយ ក្លៀវក្លាហាន
ដឹងឧបការគុណគេ
និងមានចិត្តល្អមាំមួនក្នុងសន្ដានដោយទំនើងខ្លួនឯងមិនមែនមកពីទីលំនៅ
ជាហេតុទេ ។
១៧៥- វិស័យវីរជន
សូម្បីខ្សត់ខ្សោយទ្រព្យសម្បត្តិ ក៏អាចចូលទៅកាន់ភាពខ្ពង់ខ្ពស់ដោយ
កិត្តិយសដ៏ក្រៃលែង
ឯបុគ្គលកំណាញ់សូម្បីប្រកបដោយទ្រព្យសម្បត្តិសម្បូណ៍ច្រើនក៏ប៉ុន្មាន
ក៏ដោយ ក៏ធ្លាក់ចុះទៅកាន់សភាពថោកទាប ដ៏អាក្រក់ក្រៃលែង ដូចសុនខជាត
គេចងកដោយ
ខ្សែក ជាវិការនៃមាសម្ដេចឡើយនឹងបានល្អ ដូចសត្វសីហៈ
ដ៏រុងរឿងប្រកបដោយវិស័យ
លេចល្អឡើងស្រាប់ពីកំណើតព្រមទាំងគុណលក្ខណៈគ្រប់ប្រការ។
១៧៦-
បើមានទ្រព្យសម្បត្តិច្រើន ខ្ញុំរីករាយសប្បាយចិត្ត បើធ្លាក់ខ្លួនជាអ្នកខ្សត់ទ្រព្យ
ខ្ញុំសោក
សៅក្ដៅក្រហាយចិត្ត ធើ្វដូច្នេះឬអ្វី? ដោយពិត
ការធ្លាក់ទៅទាប និងការឡើងទៅខ្ពស់នៃមនុស្ស
ទាំងឡាយ ប្រៀបដូចបាល់ដែលគេបោះដោយដៃដូច្នោះឯង ។
១៧៧- ម្លប់ពពក
មេត្រីដោយមនុស្សសាហាវ សម្ទូងថ្មី ស្រីក្រមុំ និងទ្រព្យសម្បត្តិ ទាំងអស់នេះ
ធើ្វឱ្យកើតសេចក្ដីរីករាយតែមួយខណៈទេ។
១៧៨-
បុគ្គលមិនគប្បីប្រឹងខ្វល់ខ្វាយហួសប្រមាណពេកទេ ដើម្បីរកទ្រព្យចិញ្ចឹមជីវិត
ព្រោះព្រះ
ជាម្ចាស់បានិម្មិតទុកស្រេចហើយ ដូចដោះទាំងគូនៃមាតា
តែងបង្ហូរទឹកក្សីរឱ្យទារកទាំងពីប្រសូត្រ
ចេញពីគភ៌ម្ល៉េះ។
១៧៩-
លោកអង្គណាដែលសាងហង្សឱ្យមានពណ៌ស លោកអង្គណាដែលសាងសេកឱ្យមាន
ពណ៌ខៀវ លោកអង្គណាឯណាដែលសាងក្ងោកឱ្យមានពណ៌វិចិត្រផ្សេងៗ លោកអង្គនោះៗ
នឹងសាងគ្រឿងចិញ្ចឹមជីវិតទុកសម្រាប់នរជនទាំងឡាយដូចគ្នាដែរ។
១៨០- ការស្វែងរកទ្រព្យ
បានក្ដីទុក្ខលំបាកម្ដង កាលវិបត្តិទ្រព្យសម្បត្តិទៅ បានក្ដីទុក្ខក្ដៅ
ក្រហាយម្ដង កាលបានសម្បូណ៌ទ្រព្យសម្បត្តិ កើតមានស្រវឹងម្ដងទៀត
ដូច្នេះតើទ្រព្យ
សម្បត្តិទាំងឡាយនោះនាំឱ្យយើងបានសេចក្ដីសុខដូចម្ដេចហ្ន៎? ។
១៨១-
បើអ្នកស្វែងរកទ្រព្យដើម្បីប្រព្រឹត្តធម៌ កុំស្វែងរកល្អជាង ព្រោះការលាងឱ្យស្អាតមុន
ល្អជាងការឱ្យប្រឡាក់រួចទើបលាងក្រោយ។
១៨២-
បក្សីស្វែងរកអាហារចំណីបរិភោគក្នុងអាកាស ឆ្កែស្វែងរកអាហារចំណីបរិភោគលើ
ផែនដី ក្រពើស្វែងរកអាហារចំណីបរិភោគក្នុងទឹកយ៉ាងណា នរជនប្រាថ្នាទ្រព្យ
ក៏ស្វែងរក
ទ្រព្យបរិភោគបាន គ្រប់ទីកន្លែងយ៉ាងនោះដែរ។
១៨៣- អ្នកមានទ្រព្យ
តែងមានភ័យជានិច្ច កើតពិរាជភ័យ អំពីឧទកភ័យ អំពីអគ្គីភ័យ អំពី
ចោរភ័យ និងវិវាទភ័យ (ការទាស់ទែងដណ្ដើមគ្នាឯង)
ដូចសព្វសត្វទាំងឡាយខ្លាចពីមរណៈ
ភ័យដូច្នោះដែរ ។
១៨៤- ក្នុងជីវិតដែលបូរិបូណ៌ដោយសេចក្ដីលំបាកគ្រប់ប្រការនវ
នឹងមានអ្វីជាទុក្ខឱ្យក្រៃលែង
ជាងនេះទៅទៀតហ្ន៎? មានតែសេចក្ដីប្រាថ្នាមិនសម្រេចដូចចិត្តនេះឯង
សេចក្ដីប្រាថ្នានេះមិនមែន
ជាមិនមាន ហើយមិនចេះត្រឡប់ថយចេញពីជាយចិត្តសោះ។
១៨៥- ដោយពិត ទ្រព្យនវ
គេរកបានមកដោយក្រណាស់ រកបានហើយលំបាករក្សាទុកដាក់
ទៀត រកបានហើយវិនាសទៅវិញទៀត ដូចគេរក្សាម្រឹត្យូវ(សេចក្ដីស្លាប់)
ព្រោះហេតុនោះ
បុគ្គលមិនគប្បីគិតពីទ្រព្យពេកទេ។
១៨៦- ក្នុងលោកនេះ
បើបុគ្គលលះបង់តណ្ហាចោលចេញ បាននរណាធើ្វជាអ្នកក្រីក្រ បាននរណា
ធើ្វជាអ្នកធំមានទ្រព្យ? តែថាបើបុគ្គលប្រគល់ខ្លួនឱ្យខ្ញុំតណ្ហាវិញនុ៎ះ
ឈ្មោះថាបណ្ដោយឱ្យទាសភាព
មកទំលើអំបែងក្បាលប្រាកដតែម្ដង។
១៨៧- (១)
បើបុគ្គលប្រាថ្នារបស់អ្វី ក្នុងកាលណា សេចក្ដីប្រាថ្នារបស់អ្នកនោះ តែងប្រព្រឹត្ត
រឿយៗទៅក្នុងក្នុងកាលនោះ បើសេចក្ដីប្រាថ្នាណាធើ្វបុគ្គលឱ្យស្ងប់
ទ្រព្យរបស់បុគ្គលដែល
រកបានមកនោះ ឈ្មោះថាជាទ្រព្យដោយពិតប្រាកដ។
-(១) ហិតោបទេសសេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរ៉ូ មានគាថា-
តបធម៌ និងសីលធម៌
ដូច្នេះ ការធ្លាក់ទៅទាបនិងឡើងទៅខ្ពស់ ការជួបជុំ និង
ការព្រាត់ប្រាស់ទាំងអស់នេះសត្វលោក
លះបង់មិនបានដោយពិត ជីវិតនេះមានតែសេចក្ដីស្លាប់ជាទីបំផុត។
១៨៨-
ការចងមេត្រីរាប់អានគ្នាជាប់រហូតដល់ថ្ងៃស្លាប់ជាទីបំផុត សេចក្ដីក្រេវក្រោធបាត់
បង់ក្នុងមួយខណៈ និងការបរិច្ចាគទានឥតអាលោះអាល័យនេះ
ជាធម៌តែងមានក្នុងសន្ដានចិត្ត
នៃបុគ្គលមានមហាត្ម័ន។
១៨៩- (២)
លោកសប្បុរសទាំងឡាយ អាចជួយស្រោចស្រង់មិត្តចិត្តសប្បុរស ឱ្យរួចពីក្ដីវិនាស
អន្តរាយអស់កាលជានិច្ច
ដូចដំរីជួយព្រយុងដំរីដែលលង់ផុងជាប់ភក់ឱ្យរួចឡើងបាន។
-(២) ហិតោបទេស សេចក្ដីប្រែនៃលោកឡង់សឺរ៉ូ
លោកនាគប្រទីបមានគាថាលើសដូច្នេះ សាធុ
ជនពេញចិត្តប្រព្រឹត្តល្អ តែទុជ៌នមិនគាប់ចិត្តប្រព្រឹត្តល្អទេ
ឃ្មុំសុខចិត្តហើរចេញទៅស្វែងរកក្រេប
ផ្កាឈូក តែជាតិកង្កែប សូម្បីនៅជិតឈូកក៏មិនអើពើ។
១៩០-
នរជនណាមានមនុស្សត្រូវការមកសូមទាន ឬសូមពឹងពាក់ជ្រកកោនមិនខូចបំណងមិន
អាម៉ាស់មុខ ត្រឡប់ទៅវិញមិនក្ដៅក្រហាយ នរជននោះជាបុគ្គលឯកគួរសរសើរ
ក្នុងចំណោម
មនុស្សជាតិទាំងឡាយ នរជននោះជាបុគ្គលឧត្តុង្គឧត្តមមានលក្ខណៈ
ជាមនុស្សមានបុណ្យពិត។
១៩១-
កូនដែលកើតចេញទីទ្រូង អ្នកដែលធ្លាប់ចងស្ពានមេត្រីជាមួយគ្នា១ អ្នកដែលជាប់ខ្សែ
ស្រឡាយវង្សត្រកូល១ និងអ្នកដែលរក្សាការពារឱ្យផុតពីសេចក្ដីអន្តរាយ១
ទាំង៤ប្រការនេះ
បុគ្គលគប្បីដឹងថា ជាវិធីត្រូវចងមិត្ត។
១៩២-
ទឹកជាកំពែងការពារវារីជាតិទាំងឡាយ ប៉មជាកំពែងការពារអ្នកនៅក្នុងប៉ម ទួលជាកំពែង
ការពារសត្វទាំងឡាយមានឆ្កែជាដើម សែន្យានុភាពនៃព្រះរាជា
ជាកំពែងការពារអរិន្នរាជ។
១៩៣-
បុត្រពាណិជបានឃើញព្រះរាជា ចាប់ដោះក្បំក្រពុំដូចផ្លែទន្លាប់ផ្នាប់ឱបនៃភរិយាខ្លួន
ប្រត្យក្សដោយភ្នែកឯង ក៏ទោមនស្សតូចចិត្តឥតឧបមា
ឯខ្លួនបងទាំងឡាយក៏ត្រូវបានសេចក្ដី
ក្ដៅក្រហាយដូច្នោះដែរ។
—————-កថាទី៧
១៩៤- សរ គឺកិរិយាក្រឡេកមើល កើតក្ដីស្នេហាស្រ្តីមានរូបល្អទាំងឡាយ
បាញ់ចេញអំពីកិរិយា
យឹតកោទ័ណ្ឌ គឺរោមចិញ្ចើមដ៏មានពណ៌ខ្មៅនិលស្រិល
កោងទ្រទួយវែងដល់គុម្ពត្រចៀក បើមិន
ទាន់មកប៉ះដល់ចិត្តបុរសដរាណា បុរសអាចតម្កល់ចិត្តមាំក្នុងធម៌
លោកសប្បុរសអាចគ្របសង្កត់
ឥន្រ្ទិយទាំងឡាយ អាចរក្សាសេចក្ដីអៀនខ្មាស
និងអាចតាំងនៅក្នុងវិន័យបានដរាបនោះ។
១៩៥- មិនមានសច្ចៈ
ចិត្តរហ័ស មាយា ឥច្ឆា លោភក្រៃពេក មិនមានគុណសម្បត្តិល្អ និងលាមក
ទាំងអស់នេះ ជាទោសនៃស្រ្តីកើតពីសភាពឯង។
១៩៦- (១)
ស្រីណាឆ្លៀវឆ្លាតប្រសប់វាងវៃក្នុងការផ្ទះ ស្រ្តីនោះជាភរិយាមែនទែន ស្រ្តីណាសាយ
កូន ស្រ្តីនោះជាភរិយាមែនទែន ស្រ្តីណាប្រគល់ចិត្តឱ្យស្វាមី
ស្រ្តីនោះជាភរិយាមែនទែន ស្រ្តីណា
ស្មោះត្រង់ចំពោះស្វាមី ស្រ្តីនោះជាភរិយាមែនទែន។
-(១) ហិតោបទេសប្រែជាភាសាបារាំង នៃលោកឡង់ សឺរ៉ូ
និងភាសាសៀមនៃលោកនាគប្រទីប
មានគាថាលើសដូច្នេះ សំឡេងពីរោះ ជាលម្អនៃសត្វតាវ៉ៅ
ចិត្តស្មោះត្រង់ចំពោះស្វាមី ជាលម្អ
នៃស្រ្តី ចំណេះវិជ្ជា ជាលម្អនៃបុរស និង ខន្តី
ជាលម្អនៃអ្នកប្រព្រឹត្តព្រត។
១៩៧-
ស្រ្តីណាមិនធើ្វឱ្យភស្ដារីករាយសប្បាយ ស្រ្តីនោះបុគ្គលមិនគប្បីហៅថាភរិយាទេ បើភស្ដា
ពេញចិត្ត ចំពោះនារីណាជាភរិយាហើយ សូម្បីពួកទេវតាក៏ជួយរីករាយដែរ។
១៩៨- មែនពិត
កិច្ចការណាដែលអាចសម្រេចបានដោយឧបាយកល កិច្ចការនោះ គេមិនបាច់ប្រើ
សេចក្ដីព្យាយាមទេ ដំរីស្ដ ត្រូវចចកដើរឧបាយបោកឱ្យចុះក្នុងបឹងភក់
ក៏ដល់ក្ដសីស្លាប់អន្តរធាន
ទៅហោង។
—————————-កថាទី៨
១៩៩-
នរជនណាបរិសុទ្ធដោយត្រកូល ដោយផៅពង្ស ដោយអារ្យធម៌ មានតបៈតេជៈដ៏ខ្លាំងក្លា
ប្រកបដោយធម្មចរិយា និងនីតិកោសល្យ (ជំនាញក្នុងនយោបាយ) នរជននោះ
សមគួរនឹងបាន
ជាស្ដេចលើផែនដីនេះ។
២០០- តាមធម្មតា
បុគ្គលត្រូវរកម្ចាស់ផែនដីឱ្យបានទុកជាបឋមរួចហើយសឹមរកភរិយា និងរក
ទ្រព្យ ថាបើមិនមានស្ដេចគ្រប់គ្រងផែនដីទេ តើត្រូវរកភរិយា
និងរកទ្រព្យនៅក្នុងលោកនេះធើ្វអ្វី?
២០១- ម្ចាស់ផែនដី
ជាទីពឹងពាក់នៃពលរដ្ឋទាំងឡាយ ដូចជាភ្លៀងជាទីពឹងពាក់នៃសត្វទាំងឡាយ
បើភ្លៀងរអាក់រអួល សត្វលោកអាចញ៉ាំងជីវិតន្រ្ទីយ៍ឱ្យប្រព្រឹត្តទៅបាន
តែបើព្រះរាជាមិនប្រកបដោយ
ធម៌ ពលរដ្ឋរស់នៅមិនបានទេ ។
២០២- ក្នុងលោកនេះ
នរជនប្រព្រឹត្តទៅតាមច្បាប់ដោយច្រើន ព្រោះតែខ្លាចទណ្ឌកម្មទេ នរជន
នៅក្នុងអំណាចគេ ហើយប្រព្រឹត្តល្អពិតមែននោះ រកបានដោយកម្រណាស់
ដូចកុលនារីគោរព
ស្វាមីស្គមវិកលសព៌ាង្គកាយ ឈឺរីងរៃ និងក្រីក្រ
ព្រោះតែខ្លាចទណ្ឌកម្មប៉ុណ្ណោះ ។
២០៣- ដរាណា
លោកប្រាសចាកការសេពគប់សប្បុរសរឿយៗ ដរាបនោះ លោកនឹងធ្លាក់
ទៅនៅក្នុងសមាគមអសប្បុរសរឿយៗដែរ។
២០៤-
ដរាបណាអាត្មាមិនទាន់បានដល់ទីបំផុត ពោលគឺត្រើយសមុទ្រនៃសេចក្ដីទុក្ខមួយទេ
ដរាបនោះ អាត្មាអញក៏តែងតែជួបប្រទះសេចក្ដីទុក្ខទីពីរទៀត
រឺសេចក្ដីទុក្ខនេះ បើមានច្រក
ជាទំនងហើយ ក៏ចេះតែកើតមានឡើងថែមហើយថែមទៀតច្រើនឡើងៗ។
២០៥- មិត្តភាពណា
មានភាពប្រក្រតីជាមិត្ត កើតឡើងដោយបុណ្យវាសនា មិត្តភាពប្រកប
ដោយភាពប្រក្រតីនោះ មិនលះបង់ចោលក្នុងគ្រាវិបត្តិអន្តរាយឡើយ។
២០៦-
វិស្សាសភាពនៃនរជនក្នុងមាតា ក្នុងភរិយា ក្នុងបងប្អូន និងក្នុងបុត្រធីតា មិនស្មើដោយ
វិស្សាសភាពនៃមិត្តដែលកើតឡើងដោយសភាពប្រក្រតីជាមិត្តឡើយ។
កណ្ដុររំពឹងគិតសារចុះ
ឡើងមួយស្របក់ ដកដង្ហើមធំយូៗ ទួញយំថា ៖ ឱពុទ្ធោអើយ!
បាបកម្មអាត្មាអញនេះអីក៏
អាក្រក់ម្ល៉េះហ្ន៎?
២០៧-
ផលកម្មអាត្មាអញល្អក្ដី អាក្រក់ក្ដី ដែលប្រព្រឹត្តទៅក្នុងកាល ប្រាកដជាកើតឡើងក្នុង
សន្ដានអញពីបុព្វជាតិ អាត្មាអញបានឃើញផលកម្មទាំងអស់ក្នុងលោកនេះ
ដូចជាអាត្មាអញ
បានកើតមកហើយ ១០ជាតិ។
២០៨- គួរសង្វេគណាស់!
រាងកាយនេះកើតឡើងហើយ ក៏ដល់នូវការបែកធ្លាយទៅវិញភោគ
សម្បត្តិកើតបរិបូណ៌ឡើងហើយ ក៏ព្រាត់ប្រាសគ្នាទៅវិញ
សារពើវត្ថុទាំងឡាយ មានការកើត
ឡើង និងការបាក់បែកពុកផុយរលួយទៅវិញនេះជាធម្មតា។
២០៩- នរណាហ្ន៎
ជាអ្នកបង្កើតរតនវត្ថុឱ្យមានពាក្យពីរព្យាង្គថា “សម្លាញ់” ដែលទុកដូចជា
គ្រឿងការពារនូវសេចក្ដីសោក សត្រូវភ័យ សេចក្ដីតក់ស្លុត និងជាភាជន៍
សម្រាប់ទ្រនូវសេចក្ដី
ស្រឡាញ់ព្រមទាំងសេចក្ដីជឿទុកចិត្ត។
២១០-
មិត្តណាជាទីកើតរសនៃបីតិ ជាទីគាប់ភ្នែក ជាទីរីករាយចិត្ត ជាភាជនៈសម្រាប់ទ្រនូវ
សេចក្ដីសុខទុក្ខជាមួយគ្នា មិត្តនោះ ក្ររកបានណាស់ មានមិត្តដទៃទៀត
ក្នុងសម័យមានទ្រព្យ
ច្រើនមិត្តណាមករាប់អានព្រោះតែចង់បាននុយគឺទ្រព្យ មិត្តនោះ
ឃើញមានមីរដេរដាសគ្រប់
ទីឋាន គ្រាវិបត្តិទុកជាថ្មសម្រាប់សាកល្បងមើលមាសសុទ្ធ គឺមិត្តពិតទាំងឡាយនោះៗ។
២១១-
នរជនណាលះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែល
ទៀងទាត់ក៏វិនាសបាត់សូន្យទៅ ឯរបស់ដែលមិនទៀងទាត់ក៏ហីនហោចទៅថែមទៀតដែរ។
២១២- សូមសាធុជនទាំងឡាយ
សាមគ្គាមូលត្រកូលចងចាប់គ្នាជាសាមគ្គី ឱ្យមានមិត្តភាព
សូមប្រជាជនក្នុងជនបទសម្បូណ៌ដោយសិរីសម្បត្តិគ្រប់ប្រការ!
សូមព្រះភូមិបាលទាំងឡាយ
រក្សាប្រជាជននៅលើផែនពសុធាដោយប្រពៃ
ហើយស្ថិតនៅក្នុងទសពិធរាជធម៌ជនិច្ចនិរន្តរ៍
តទៅ!
សូមទ្រង់ព្រះករុណាគ្រប់ព្រះអង្គតាំងព្រះទ័យជាសប្បុរសមានសេចក្ដីពេញចិត្ត
និយមប្រើនីតិសាស្រ្ត ទុកនីតិសាស្រ្តនេះដូចជាព្រះជាយាថ្មីមួយអង្គទៀត
សូមព្រះមហា
ទេពដ៏មានបុណ្យជាចមអមរនិករដ៏ទ្រង់នូវចន្រ្ទាធិចូឌាមណី
ប្រសិទ្ធីពរបវរសួស្ដីដល់មហា
ជនឱ្យប្រកបដោយវិបុលសុខ សិរីសួស្ដីជ័យមង្គលគ្រប់ទិនទិវារាត្រីទៅហោង។
——————————-ចប់ ភាគ១